
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសផ្ដល់រង្វាន់ចំនួន២០ម៉ឺនដុល្លារដល់អង្គភាពយោធាណា ដែលបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៨,៣១នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពដែលបានបញ្ជូន និងប្រចាំនៅតំបន់ភូមិភាគទី១ទាំងអស់ត្រូវតែបាញ់ដ្រូន និងយន្តហោះគ្មានមនុស្សបើកនេះ ឲ្យខាងតែបាន ខណៈការហោះចូលជារឿយៗក្នុងទឹកដីកម្ពុជាជាប់នឹងព្រំដែនវៀតណាមនាពេលប៉ុន្មានថ្ងៃមកនេះ គឺជាការឈ្លានពាន និងបំពាននូវអធិបតេយ្យកម្ពុជាសុទ្ធសាធ។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រទេសណាក៏ដោយដែលបាន ឧបត្ថម្ភនូវសម្ភារៈដ្រូន និងយន្តហោះគ្មានមនុស្សបើកទាំងនេះដល់ក្រុមឧទ្ទាមទាំងនោះសូមបញ្ឈប់ជាបន្ទាន់ ខណៈបញ្ហានេះវាមិនមែនជាករណីលេងសើចនោះទេ វាគឺជាបញ្ហាភេរវកម្ម។
ទាក់ទងនឹងបញ្ហាដ្រូន និងយន្តហោះគ្មានមនុស្សបើកចូលទឹកដីកម្ពុជានេះដែរ សម្តេច ក៏បានស្តីបន្ទោសដល់មេភូមិភាគទី១ថា ជាមេទ័ពកំសាកដោយមិនហ៊ានបាញ់ទម្លាក់ចំពោះដ្រូន ដែលបានហោះចូលតំបន់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចំនួន៥គ្រឿងកាលពីយប់មិញផងដែរ។
សម្តេច បានលើកឡើងថា អស់លោកធ្វើទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃត្រឹមយកកាំភ្លើងសេកាសេបាញ់ ដូច្នេះសម្តេចសូមបញ្ជាឲ្យដាក់សំណាញ់មេឃបាញ់ទម្លាក់ដ្រូន និងយន្តហោះទាំងនោះ ឲ្យខាងតែបាន ដើម្បីឲ្យដឹងប្រភពច្បាស់លាស់ថាវាចេញពីខាងណាមក។
សូមបញ្ជាក់ថា កាលពីម្សិលមិញសម្តេចតេជោ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំងយោធាចំនួន៥០០នាក់ និងអាវុធទំនើប២០០ដើមទៅកាន់តំបន់ភូមិភាគ១ ដើម្បីត្រៀមបាញ់ដ្រូន និងយន្តហោះគ្មានមនុស្សបើកចូលទឹកដីកម្ពុជា ខណៈសម្តេច បានដាក់ការសង្ស័យថាដ្រូន ទាំងនោះជារបស់ក្រុមឧទ្ទាម ឬជនជាតិភាគតិចម៉ុងតាញ៉ា ដែលបានវាយប្រហារដល់អាជ្ញាធរវៀតណាម កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ហើយបាក់ទ័ពរត់ចូលលាក់ខ្លួនក្នុងព្រំដែនកម្ពុជា៕អត្ថបទ៖ បាន ចក់