UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីភាពតានតឹងនៅមជ្ឈិមបូព៌ា ជាពិសេសសកម្មភាពការតាំងលំនៅឋាននិងការផ្ទុះឡើងអំពើហិង្សានៅតំបន់គ្រប់គ្រង West Bank។ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក លោក Robert Wood បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការជាមួយប្រទេសអ៊ីស្រាអែល និងអាជ្ញាធរដែនដីប៉ាឡេស្ទីន ដើម្បីកាត់បន្ថយភាពតានតឹង និងស្តារការទុកចិត្តគ្នាឡើងវិញ និងជួយបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់មករកកិច្ចចរចា។

លោក Wood បាននិយាយថា យើងអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់ពីសកម្មភាពឯកតោភាគី រួមទាំងសកម្មភាពការតាំងលំនៅឋាន ការបណ្តេញចេញ និងការរុះរើលំនៅឋានពលរដ្ឋប៉ាឡេស្ទីន អំពើភេរវកម្ម និងការញុះញង់ឱ្យមានអំពើហិង្សា ដែលទាំងអស់នេះបង្កើតឲ្យស្ថានការណ៍កាន់តែឆាបឆេះ។ ការវាយប្រហារដោយបាញ់រះរបស់ក្រុមហាម៉ាស ដែលបានបណ្តាលឲ្យជនស៊ីវិលអ៊ីស្រាអែល ៤ នាក់ស្លាប់ នៅខាងក្រៅតំបន់តាំងទីលំនៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានបង្កឱ្យមានការចូលលុកលុយដោយហឹង្សាជាច្រើនថ្ងៃ ទៅក្នុងភូមិនិងក្រុងនានារបស់ប៉ាឡេស្ទីន ដោយក្រុមអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ។ នគរបាលអ៊ីស្រាអែល បាននិយាយថា ជនសង្ស័យ១២ នាក់ត្រូវបានចាប់ខ្លួននៅក្នុងឧបទ្ទហេតុចុងក្រោយនេះ៕
