កាណាដា៖ ផ្សែងអ័ព្ទដ៏ក្រាស់បង្កឡើងដោយចំហេះព្រៃដែលមិនអាចបញ្ឈប់បាន នៅក្នុងប្រទេសកាណាដា មិនត្រឹមតែគ្របដណ្តប់ទីក្រុងនានារបស់សហរដ្ឋអាមេរិក ដោយក្នុងនោះមានទាំងទីក្រុងឈីកាហ្គោផងដែរនោះ តែឥឡូវនេះ បានហុយទៅដល់តំបន់អឺរ៉ុបហើយ ព្រោះបើយោងតាមសេវាកម្មត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) បានឲ្យដឹងថា ចំហេះព្រៃដែលកំពុងឆេះរាលដាលយ៉ាងសន្ធោសន្ធៅនៅភាគខាងកើត និងភាគខាងលិចកាណាដា បានបញ្ចេញឧស្ម័នកាបូនិកចំនួន ១៦០លានតោន។

នៅសហរដ្ឋអាមេរិក បើយោងតាមសេវាអាកាសធាតុជាតិ តាមរយៈបណ្ដាញសង្គម Twitter បានឲ្យដឹងថា គុណភាពខ្យល់ ដោយភាគច្រើននៅទូទាំងភាគកណ្តាលប៉ែកខាងលិចនៃសហរដ្ឋអាមេរិក គឺមិនល្អសម្រាប់សុខភាពនោះឡើយ ដោយស្ថានភាពនេះ នឹងបន្តមានទៀត ហើយបើយោងតាមក្រុមហ៊ុនបច្ចេកវិទ្យា IQAir នៅប្រទេសស្វីស បានឲ្យដឹងថា យ៉ាងហោចណាស់នៅថ្ងៃអង្គារនេះ គុណភាពខ្យល់របស់ទីក្រុងឈីកាហ្គោ (Chicago) ត្រូវបានចាត់ទុកថា មានសភាពអាក្រក់បំផុតក្នុងពិភពលោក។
ផ្សែងចេញពីចំហេះព្រៃរបស់ប្រទេសកាណាដា បានគ្របដណ្ដប់លើមជ្ឈមណ្ឌលទីក្រុងសំខាន់ៗជាច្រើនក្នុងខែមិថុនា ក្នុងនោះរួមទាំងទីក្រុងញូវយ៉ក និងតូរ៉ង់តូ ដោយធ្វើឲ្យផ្ទៃមេឃមានពណ៌លឿងទុំដ៏គួរឲ្យភ្ញាក់ផ្អើល ហើយឥឡូវនេះ ផ្សែងបានហោះរសាត់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកខាងជើង។

ការឆេះកាន់តែអាក្រក់ទៅៗ នៅក្រុងកេបិក (Quebec) និងអង់តារីយ៉ូ (Ontario) ទំនងជានឹងធ្វើឲ្យមេឃអាប់អួរ និងថ្ងៃលិចពណ៌លឿងទុំយ៉ាងពេញលេញនៅអឺរ៉ុប ក្នុងសប្តាហ៍នេះ។ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញម្នាក់បានលើកឡើងថា ដោយសារតែផ្សែងត្រូវបានគេព្យាករថា នឹងស្ថិតនៅរយៈកម្ពស់ខ្ពស់ក្នុងបរិយាកាសនោះ ផ្សែងនេះទំនងជាមិនប៉ះពាល់ដល់ផ្ទៃគុណភាពខ្យល់នោះទេ។
រដូវកាលភ្លើងឆេះព្រៃឆ្នាំនេះ គឺជារដូវកាលដ៏អាក្រក់បំផុត ក្នុងកំណត់ត្រា នៅប្រទេសកាណាដា ដោយផ្ទៃដីទំហំប្រហែល ៧៦.០០០គីឡូម៉ែត្រក្រឡា កំពុងត្រូវបានឆេះនៅទូទាំងភាគខាងកើត និងភាគខាងលិចកាណាដា ហើយបើយោងតាមមជ្ឈមណ្ឌលចំហេះព្រៃអន្តរទ្វីបកាណាដា បានឲ្យដឹងទំហំនោះ គឺធំជាងតំបន់ដែលបានឆេះ ក្នុងឆ្នាំ ២០១៦ ២០១៩ ២០២០ និងឆ្នាំ២០២២៕