ឈីលី៖ នគរបាលល្បាតរបស់ប្រទេសឈីលី បានធ្វើការយ៉ាងលំបាកដើម្បីជួយសង្គ្រោះមនុស្ស និងសត្វពាហនៈ ដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងមានទឹកហៀរប្រៀបច្រាំងទន្លេនៅភាគកណ្តាលប្រទេសឈីលី។

វីដេអូដែលបានចេញផ្សាយនៅលើបណ្តាញTwitter របស់នគរបាលល្បាត បានបង្ហាញភ្នាក់ងារកំពុងជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងទន្លេមានទឹកហៀរលិចច្រាំងក្នុងតំបន់ Niquen ខណៈនៅតំបន់ Concepcion មន្រ្តីពីរនាក់បានចុះទៅក្នុងទឹកដែលកើនឡើងដើម្បីជួយសង្គ្រោះសត្វសេះមកកាន់ទីទួលសុវត្ថិភាព។
ក្រសួងមហាផ្ទៃបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់ដោយទឹកជំនន់ មនុស្ស៤នាក់កំពុងបាត់ខ្លួន និងជាង ១៣.០០០នាក់ បានបាត់បង់លំនៅឋានរបស់ពួកគេ។ ផ្លូវបិទ និងទឹកជំនន់ធ្ងន់ធ្ងរ បានជំរុញឱ្យអាជ្ញាធរជួយសង្គ្រោះជនរងគ្រោះដោយឧទ្ធម្ភាគចក្រ និងទូក។
ស្ថាប័នសង្គ្រោះបន្ទាន់ បានរាយការណ៍ថា កាលពីព្រឹកថ្ងៃងង្គារពលរដ្ឋ ១៣.៣៧៩នាក់ បានរងផលប៉ះពាល់ ពលរដ្ឋ១.៦៣២នាក់កំពុងរស់នៅក្នុងទីជម្រក និង១២.៣១៤នាក់ កំពុងនៅឯកាដាច់ពីគេ៕
