
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា អ្នកទោសណាក៏ដោយឱ្យតែ មានការអន្តរាគមន៍ ឬលូកដៃពីបរទេសនោះ គឺគ្មានការបន្ធូរបន្ថយ ឬលើកលែងទោសឡើយ ខណៈការធ្វើនេះ ក៏ដើម្បីលុបបំបាត់ការជ្រៀតជ្រែកពីបរទេសលើកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត ២ ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ មានប្រសសន៍ថា ប្រទេសកម្ពុជា ធ្លាប់រងគ្រោះដោយសារទង្វើបែបនេះ ប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់ ដោយសារតែមានការលូកដៃពីបរទេសចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។ ដូច្នេះការចាត់វិធានការមិនលើកឡើងចំពោះជនជាប់ទោសដែលបរទេសអន្តរាគមន៍នេះ ក៏ជាសារផ្ដាំមួយទៅបរទេសមួយចំនួនដែលតែងតែចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន តែងតែមានទឹកចិត្តសន្ដោសប្រណី នឹងលើកលែងទោសចំពោះក្រុមប្រឆាំងជាប់ទោសទាំងអស់ដែលដឹងកំហុស ហើយចាកចេញពីជនក្បត់ជាតិនៅក្រៅប្រទេស ដើម្បីងាកមកធ្វើការងារជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនទៅមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា