
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់កុំដំឡើងថ្លៃផ្ទះ ជួលចំពោះកម្មករ-កម្មការិនី ខណៈរាជរដ្ឋភិបាលបានផ្ដល់ការអនុគ្រោះ និងឧបត្ថម្ភជាច្រើន ដើម្បីសម្រួលដល់ជីវភាពកម្មករនិយោជិត នាពេលកន្លងមក ដូចជាការមិនដំឡើងថ្លៃទឹក និងថ្លៃភ្លើងជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះជួលទាំងអស់ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តដែលមានរោងចក្រ សហគ្រាស និងមានកម្មករនិយោជិតធ្វើការ និងស្នាក់នៅ ដែលនាពេលកន្លងមក យោគយល់តាមការអំពាវនាវរបស់សម្ដេច មិនបានដំឡើងថ្លៃផ្ទះជួល ហើយបើដំឡើងឡើងក៏មានការដំឡើងតិចតួចប៉ុណ្ណោះ ក្នុងរយៈពេលកន្លងមកនេះ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខដឹកនាំប្រទេសកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកម្មករនិយោជិតនៅទូទាំងប្រទេស។ សម្ដេចតេជោ តែងតែចុះជួបសួរសុខទុក្ខកម្មករនិយោជិតដោផ្ទាល់ ដើម្បីប្រមូលបញ្ហាយកមកដោះស្រាយ និងពិនិត្យលើវឌ្ឍនភាពការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីធានាថាកម្មករ-កម្មការិនីធ្វើការប្រកបដោយសេចក្ដីសុខសុវត្ថិភាព៕អត្ថបទ៖ វ៉ន ដារ៉ា