ឥណ្ឌា៖ យោងតាមប្រភពពីរដែលដឹងអំពីបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុផ្សំផលិតថ្នាំ បានប្រាប់ទីភ្នាក់ងារសារប័ត៌មាន Reuters ថា ក្រុមហ៊ុនផលិតស៊ីរ៉ូក្អករបស់ប្រទេសឥណ្ឌា ដែលប្រទេសអ៊ូសបេគីស្ថាន បាននិយាយកាលពីឆ្នាំមុនថា បានបំពុលកុមារ១៩នាក់នោះ បានប្រើសារធាតុពុលកម្រិតឧស្សាហកម្មជាជាងប្រភេទឱសថដែលស្របច្បាប់។
បើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Marion Biotech បានទិញធាតុផ្សំអាល់កុលរាវប្រូពីឡែន ហ្គ្លីកូល(PG) ពីក្រុមហ៊ុន Maya Chemtech India។ យោងតាមប្រភព នៅក្រុមហ៊ុន ដែលដឹងពីការស៊ើបអង្កេតលើក្រុមហ៊ុន Marion បានប្រាប់ថា ក្រុមហ៊ុន Maya នេះ មិនមានអាជ្ញាប័ណ្ណក្នុងការលក់សារធាតុផ្សំថ្នាក់ឱសថនោះទេ ហើយមានកិច្ចព្រមព្រៀងត្រឹមចែកចាយក្នុងកម្រិតឧស្សាហកម្មតែប៉ុណ្ណោះ។
ប្រភពដែលបមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «យើងមិនបានដឹងថា ក្រុមហ៊ុន Marion នឹងប្រើសារធាតុផ្សំនោះ ដើម្បីផលិតស៊ីរ៉ូក្អកទឹកទេ។ គេមិនបានប្រាប់យើងថា តើសារធាតុផ្សំរបស់យើងនេះ ត្រូវបានគេប្រើនៅទីណាដែរនោះឡើយ»។
ប្រភពទាំងពីរបាននិយាយថា ស៊ីរ៉ូនេះត្រូវបានផលិតឡើងជាមួយនឹងសារធាតុ PG កម្រិតឧស្សាហកម្ម ជាសារធាតុពុលដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសារធាតុសាប៊ូរាវ ប្រឆាំងនឹងការកក ថ្នាំលាប ឬថ្នាំស្រោប និងដើម្បីបង្កើនប្រសិទ្ធភាពថ្នាំសម្លាប់សត្វល្អិត។ យោងតាមប្រភពពីក្រុមហ៊ុន ឲ្យដឹងថា ក្រុមហ៊ុន Maya មិនប្រឈមមុខនឹងការចោទប្រកាន់នោះទេ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្តធ្វើ។
ការវិភាគមួយ កាលពីឆ្នាំមុនដោយក្រសួងសុខាភិបាលរបស់ប្រទេសអ៊ូសបេគីស្ថាន បានបង្ហាញថា ស៊ីរ៉ូក្អកដែលផលិតដោយក្រុមហ៊ុន Marion, Ambronol និង DOK-1 Max មានផ្ទុកជាតិពុល ក្នុងបរិមាណដែលមិនអាចទទួលយកបាននៃសារធាតុឌីអេទីឡែន (DEG) និងអេទីឡែន (EG) ដែលជាសារធាតុប្រើក្នុងផលិតផល តែមិនមែនសម្រាប់មនុស្សនោះទេ។
ស្ថាប័នត្រួតពិនិត្យឱសថរបស់ប្រទេស បានឲ្យដឹង កាលពីខែមីនាថា ការធ្វើតេស្តនៅក្នុងខែមករាដោយមន្ទីរពិសោធន៍របស់រដ្ឋាភិបាលឥណ្ឌាបានរកឃើញសំណាកចំនួន ២២នៃថ្នាំទឹក ដែលផលិតដោយក្រុមហ៊ុន Marion ត្រូវបានក្លែងបន្លំ និងមានភាពមិនត្រឹមត្រូវ។ អាជ្ញាធរនៅក្នុងរដ្ឋ Uttar Pradesh ដែលក្រុមហ៊ុន Marion មានមូលដ្ឋាននោះទីនោះ បានលុបចោលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Marion នៅក្នុងខែមីនានោះ។ នគរបាលបានចាប់ខ្លួនបុគ្គលិករបស់ក្រុមហ៊ុន ៣នាក់ ដែលក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងចេញដីកាចាប់ខ្លួននាយកក្រុមហ៊ុន ២នាក់៕