
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺប្រកាសថា រកឃើញមនុស្ស ២៣នាក់ផ្សេងទៀតបានឆ្លងជំងឺកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍ នៅក្រុង-ស្រុកចំនួនបី នៃខេត្តនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញចំនួន ១៨នាក់នៅស្រុកភ្នំស្រួច បន្ទាប់មក ០៤នាក់ផ្សេងទៀតនៅស្រុកសំរោងទង និង០១នាក់នៅក្នុងក្រុងច្បារមន។
រដ្ឋបាលកំពង់ស្ពឺបានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ចំនួន ០៩នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលធ្វើឱ្យតួលេខអ្នកជាសះស្បើយនៅក្នុងខេត្តនេះកើនដល់ ១៥នាក់ហើយនៅត្រឹមថ្ងៃនេះ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២១ ១៤១នាក់ និងអ្នកជាសះស្បើយសរុប ៩ ៥១៩នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕