UN៖ យោងតាមរបាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) បានឲ្យដឹងថា អង្គការសហប្រជាជាតិ ឬ UN បានធ្វើការផ្ទៀងផ្ទាត់លើការរំលោភបំពានធ្ងន់ធ្ងរចំនួន ២៧.១៨០លើកប្រឆាំងនឹងកុមារនៅក្នុងជម្លោះប្រដាប់អាវុធ ក្នុងឆ្នាំ២០២២ ដោយប៉ះពាល់ដល់កុមារចំនួន១៨.៨៩០នាក់ នៅ ២៤កន្លែង និងរបៀបរៀបរយក្នុងតំបន់មួយ ដែលខ្លួនបានត្រួតពិនិត្យ។

របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ បានបង្ហាញថា ក្នុងចំណោមការរំលោភធ្ងន់ធ្ងរចំនួន២៧.១៨០នោះ ចំនួន ២៤.៣០០ករណី ត្រូវបានប្រព្រឹត្ត ក្នុងឆ្នាំ២០២២ និងចំនួន ២.៨៨០ ត្រូវបានប្រព្រឹត្ត នៅមុននេះ ប៉ុន្តែត្រូវបានផ្ទៀងផ្ទាត់ក្នុងឆ្នាំ២០២២។ ក្នុងចំណោមកុមារ ១៨.៨៩០នាក់ដែលរងផលប៉ះពាល់នោះ ១៣.៤៦៩នាក់ ជាក្មេងប្រុស ៤.៦៣៨នាក់ ជាក្មេងស្រី និង ៧៨៣នាក់ មិនមានការបញ្ជាក់ភេទច្បាស់លាស់។

ចំនួននៃការរំលោភបំពានខ្ពស់បំផុត គឺការសម្លាប់ និងការធ្វើទារុណកម្មលើកុមារចំនួន ៨.៦៣១នាក់ ដែលកើតឡើងបន្ទាប់ពីមានការជ្រើសរើស និងប្រើប្រាស់កុមារចំនួន ៧.៦២២នាក់ និងការចាប់ពង្រាត់កុមារចំនួន ៣.៩៨៥នាក់។ កុមារជិត ២.៥០០នាក់ ត្រូវបានឃុំខ្លួនពីបទពាក់ព័ន្ធពិតប្រាកដ ឬត្រូវបានចោទពីការពាក់ព័ន្ធជាមួយក្រុមប្រដាប់អាវុធ។
របាយការណ៍បានឲ្យដឹងទៀតថា ចំនួនខ្ពស់បំផុតនៃការរំលោភធ្ងន់ធ្ងរត្រូវបានផ្ទៀងផ្ទាត់ នៅក្នុងប្រទេស ដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន សូម៉ាលី ស៊ីរី អ៊ុយក្រែន អាហ្វហ្គានីស្ថាន និងយ៉េម៉ែន។ ករណីដែលបានផ្ទៀងផ្ទាត់នៃអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ ដែលបានប្រព្រឹត្តទៅលើកុមារ (កុមារចំនួន ១.១៦៥នាក់) បានធ្លាក់ចុះ ១២ភាគរយ ប៉ុន្តែអំពើហិង្សាបែបនេះ នៅតែបន្តទទួលបាននូវការរាយការណ៍តិចតួចជាងករណី ដែលកើតឡើងពិតប្រាកដ៕