ស៊ូដង់៖ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ លោក Abdel Fattah Al-Burhan កាលពីថ្ងៃអង្គារ បានជំរុញដល់អ្នកទាំងឡាយណាដែលអាចកាន់អាវុធដើម្បីចូលរួមប្រយុទ្ធជាមួយកងកម្លាំងទាហានប៉ារ៉ា។ លោក Al-Burhan បាននិយាយក្នុងសុន្ទរកថាតាមប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍រដ្ឋស៊ូដងថា យើងស្នើសុំឲ្យយុវជននៃប្រទេសរបស់ខ្ញុំ និងអ្នកណាក៏ដោយ ដែលអាចការពារ មិនត្រូវស្ទាក់ស្ទើរ ឬពន្យារពេលក្នុងការដើរតួនាទីស្នេហាជាតិនេះទេ នៅក្នុងកន្លែងនៃពលរដ្ឋរបស់លោក ឬដោយចូលរួមក្នុងអង្គភាពយោធាដើម្បីការពារប្រទេស។

មេបញ្ជាការកងទ័ព បានអំពាវនាវដល់មនុស្សគ្រប់គ្នាឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីប្រឈមមុខការគំរាមដែលកើតមានចំពោះប្រទេសស៊ូដង់ ជាប្រទេសមួយដែលលោកនិយាយថា ត្រូវបានដាក់គោលដៅដោយការរួមគំនិតឃុបឃិតទាំងក្នុងនិងក្រៅប្រទេស។ លោក Al-Burhan បានប្រកាសបន្ថែមបទឈប់បាញ់១ថ្ងៃជាឯកតោភាគី ក្នុងឱកាសបុណ្យ Eid al-Adha ឬពិធីបុណ្យបូជា ដែលចូលជាធរមាននៅថ្ងៃដំបូងនៃពិធីបុណ្យនៅថ្ងៃទី២៨ ខែមិថុនានេះ។

កាលពីថ្ងៃចន្ទ មេបញ្ជាការ នៃកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) លោក Mohamed Hamdan Dagalo បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេល២ថ្ងៃក្នុងការគិតគូដល់ពិធីបុណ្យ Eid និងសម្រាប់គោលបំណងមនុស្សជាតិ។
ទោះជាយ៉ាងណា បទឈប់បាញ់បានបរាជ័យដើម្បីបញ្ឈប់ការបង្ហូរឈាមនៅក្នុងប្រទេសស៊ូដង់ ខណៈការប្រយុទ្ធគ្នាខ្លាំង បានបន្តរវាងក្រុមគូប្រជែងទាំងពីរ នៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃអង្គារ៕