តៃវ៉ាន់៖ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បានឃើញនាវាចម្បាំងរបស់រុស្ស៊ី ចំនួន២គ្រឿង នៅក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអង្គារ និងបានបញ្ជូនយន្តហោះចម្បាំង និងនាវាជាច្រើនគ្រឿងរបស់ខ្លួនដើម្បីឃ្លាំមើល ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយថានាវា២គ្រឿង បានបើកបរនៅក្នុងគោលដៅទៅភាគខាងជើងក្បែរតំបន់ឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ ហើយក្រោយមកបានចាកចេញពីតំបន់ឆ្លើយតបរបស់យើង ក្នុងគោលដៅទៅកាន់ភាគអាគ្នេយ៍ក្បែរកំពង់ផែស៊ូអាវ (Suao) ដែលជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់របស់កោះតៃវ៉ាន់។

សេចក្ដីថ្លែងការណ៍ បានបន្ថែមថា យោធាកោះតៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំង និង នាវាដើម្បីតាមដាន និង ដំណើរការប្រព័ន្ធមីស៊ីលដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រ ដោយពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា នាវាអង្គភាពកងទ័ពជើងទឹកដែនសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី បានចូលទៅក្នុងតំបន់ដែនទឹករបស់ហ្វីលីពីន ដើម្បីការបំពេញការតាព្វកិច្ចតាមទម្លាប់ជាផ្នែកមួយនៃការធ្វើដំណើរតាមច្រកសមុទ្រវែងឆ្ងាយ។
កោះតៃវ៉ាន់ បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ក្រោយប្រទេសនេះ បើកការវាយលុកចូលអ៊ុយក្រែន៕