
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ទាក់ទិនទៅនឹងបរិបទពិភពលោកដែលកំពុងតែប្រឈមមុខការរត់ប្រណាំងសព្វាវុធ និងសង្គ្រាមនៅប្រទេសមួយចំនួននោះ សម្តេច បានមានប្រសាសន៍ថា ប្រសិនបើពិភពលោក បច្ចុប្បន្ន ផ្ទេរពីការផលិតអាវុធទៅជាការផលិតសម្ភារៈប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន ឬក៏ថ្នាំពេទ្យសម្រាប់ព្យាបាលដើម្បីជួយជីវិតមនុស្ស ក្នុងតម្លៃថោក គឺជាការប្រសើរបំផុត ។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ដើម្បីគិតគូដល់សេចក្តីសុខរីកចម្រើនដល់ពលរដ្ឋរឿងសេដ្ឋកិច្ចជារឿងធំបំផុត ហើយនៅលើពិភពលោកបើសិននាំគ្នាផ្តោតការគិតគូរ លើបញ្ហានេះ ជាធំ ជាជាងចំណាយលើការផលិតអាវុធបង្កើតសង្គ្រាមនោះមិនដឹងជាល្អយ៉ាងណាទេ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅលើពិភពលោកកំពុងតែពោរពេញទៅដោយការប្រឈមមុខ ជម្លោះរវាងមហាអំណាច ដែលសង្ឃឹមថា នឹងរកទីបញ្ចប់គ្មាន ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសរបស់យើង ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរ ផ្ទុះឡើងប្រហែលជាមិនមែនគោលដៅនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនោះទេ ព្រោះគេវាយគ្នាគឺតម្រង់ទៅរកប្រទេសដែលមាននុយក្លេអ៊ែរដូចគ្នា។ ដូច្នេះដំរីជល់គ្នាប្រហែលជាមិនអាចខ្ទេចស្មៅដូចស្មៅកម្ពុជា ដែលជាកន្លែងតូចតាចនេះទេ កម្ពុជាគឺជាប្រទេសដែលគ្មាននុយក្លេអ៊ែរដូចគេ។ ទោះយ៉ាងណាសម្ដេច បានបន់ស្រន់សូមកុំឲ្យសង្គ្រាមនុយក្លេអ៊ែរវាកើតឡើង ព្រោះសង្គ្រាមគឺគ្មានអ្នកឈ្នះ និងអ្នកចាញ់ពោលគឺបរាជ័យពេញមួយពិភពលោក៕