
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងប្រកាសថា មានបុរសជនជាតិនេប៉ាល់ម្នាក់អាយុ ៦៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា បុរសជនជាតិនេប៉ាល់ ដែលស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង វេលាម៉ោង ៧កន្លះព្រឹកនៅថ្ងៃនេះ។
រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា បុរសជនជាតិនេប៉ាល់រូបនេះ បានស្លាប់បាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ បន្ថែមទៅលើជំងឺប្រចាំកាយរបស់គាត់ផងដែរ។
រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ផងដែរថា ការស្លាប់បុរសជនជាតិនេប៉ាល់រូបនេះ គឺករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាលើកដំបូងនៅក្នុងខេត្តនេះ ខណៈខេត្តនេះបានរកឃើញមនុស្សសរុប ៧១នាក់បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះ អ្នកជំងកូវីដ-១៩សរុប ២៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ។
គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩សរុបកើនដល់ ១៤២នាក់ គិតចាប់តាំងពីកម្ពុជា បានប្រកាសជាផ្លូវការករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាលើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕