ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR)បានព្រមានកាលពីថ្ងៃអង្គារថា ការព្យាករណ៍លើកមុនថាជម្លោះស៊ូដង់ នឹងបង្ខំឲ្យមនុស្ស ១លាននាក់ រត់ភៀសខ្លួនឆ្លងព្រំដែនរបស់ខ្លួននោះ ទំនងជាមានចំនួនច្រើនជាងនេះ ។
មកទល់នឹងពេលនេះ ជម្លោះរវាងភាគីយោធាបង្កសង្រ្គាមដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមេសាកន្លងទៅ បណ្តាលឲ្យមនុស្សជិត ៦០ម៉ឺននាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង។
លោក Raouf Mazou គឺជាឧត្តមស្នងការរងទទួលបន្ទុកប្រតិបត្តិការរបស់ UNHCRនិយាយថា ស្ថានភាពនៅតំបន់ Darfur គួរឲ្យព្រួយបារម្ភខ្លាំងណាស់ ហើយការទៅដល់ជនភៀសខ្លួន រឹតតែពិបាកថែមទៀត ចាប់តាំងពីរដូវវស្សាចាប់ផ្តើមធ្វើឲ្យពិបាកទៅដល់ជនភៀសខ្លួន ហើយនិងនាំពួកគេចេញពីព្រំដែនទៅកាន់ជំរំសុវត្ថិភាព ។
ក្រុមសាក្សី និងក្រុមសកម្មជន និយាយថា រលកចុងក្រោយនៃអំពើហិង្សានៅតំបន់ Darfur បង្កឡើងដោយក្រុមជីវពលមកពីកុលសម្ព័ន្ធពនេចរអារ៉ាប់ ជាមួយនឹងសមាជិកកងកម្លាំងគាំទ្ររហ័ស ដែលជាក្រុមយោធាចូលរួមធ្វើសង្រ្គាមជាមួយកងទ័ពស៊ូដង់នៅរដ្ឋធានី Khartoum ។
UNHCRធ្លាប់បានពិនិត្យឡើងវិញរួចមកហើយពីការព្យាករណ៍របស់ខ្លួនសម្រាប់ពលរដ្ឋជម្លៀសខ្លួនទៅកាន់ប្រទេសឆាដ ចេញពីប្រទេសស៊ូដង់ថាកើនឡើងដល់ចំនួន ២៤៥.០០០ដែលការព្យាករណ៍លើកមុនរបស់ពួកគេមានត្រឹមតែ ១០ម៉ឺននាក់ប៉ុណ្ណោះ ៕