
ភ្នំពេញ៖ អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៣នេះ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដែលមានតួនាទីក្នុងការផ្សព្វផ្សាយ ចែករំលែកអំពីព័ត៌មានទីផ្សារ និងតាមដានការវិវត្តន៍នៃស្ថានភាពទីផ្សារ និងការផ្តល់សេវាពាណិជ្ជកម្មនានា។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសម្ពោធនេះ បានមានប្រសាសន៍ វិស័យពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពគន្លឹះមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ កំណើនការងារ ការបែងចែកផ្លែផ្កាប្រកបដោយសមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ក្នុងន័យនេះ ក្រសួងបានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់, ការចុះបញ្ជីក្រមហ៊ុន-សហគ្រាស, ការកសាងច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានាជាដើម។ល។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីថា ក្រសួងបាននិងកំពុងធ្វើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ដោយសម្រេចបានជោគជ័យត្រចះត្រចង់ជាប្រវត្តិសាស្ត្រ មានជាអាទិ៍កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) ព្រមទាំងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្វ្រិក ព្រមទាំងកំពុងសិក្សាលទ្ធភាព និងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា- តួរគី កម្ពុជា-សហព័ន្ធស្វ៊ីស និងកម្ពុជា-ប៉ាគីស្ថាន ផងដែរ។ ឯកឧត្តមបន្ថែមថា បើទោះបីជាពិភពលោកកំពុងជួបប្រឈមនូវវិបត្តិធំៗជាសកល ក៏ដោយក៏កម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអរគុណចំពោះអាជ្ញាធរខេត្ដក្រចេះ ដែលតែងផ្ដល់កិច្ចសហការល្អ និងគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ព្រមទាំងបានស្នើដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត បន្តដើរតួនាទីត្តលើការជួយផ្សព្វផ្សាយ និងចែករំលែកអំពីព័ត៌មានទីផ្សារ ក្តាប់ និងតាមដានការវិវត្តន៍ នៃស្ថានភាពទីផ្សារ ការផ្តល់សេវាពាណិជ្ជកម្មនានា សម្រាប់ជួយគាំទ្រដល់វិស័យឯកជនឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសត្រូវបង្កើនការចុះត្រួតពិនិត្យគុណភាពទំនិញ ផលិតផល សុវត្ថិភាពចំណីអាហារតាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន និងការប្រកបអាជីវកម្មគ្រប់ប្រភេទ ដែលទទួលបានការអនុញ្ញាតរួចឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារកិត្តិនាមដ៍ល្អផូរផង់របស់ប្រទេសជាតិ៕



