
រដ្ឋធានីអ៊ុយក្រែនកំពុងយកចិត្តទុកដាក់យ៉ាងដិតដល់លើការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner មេដឹកនាំរបស់ក្រុមនេះលោក Yevgeny Prigozhin និងផលវិបាកចំពោះលោក វ្ល៉ាឌីមៀ ពូទីន និងការប្រព្រឹត្តទៅនៃសង្រ្គាមនៅអ៊ុយក្រែន។
លោក Andriy Yermak ទីប្រឹក្សាជិតស្និទ្ធបំផុតរបស់លោកប្រធានាធិបតីអ៊ុយក្រែន Zelensky បាននិយាយថា "ខ្ញុំគិតថាការរាប់ថយក្រោយបានចាប់ផ្តើមហើយសម្រាប់លោក ពូទីន" ។
រឿងរ៉ាវនៅព្រំដែនរបស់រុស្ស៊ីបានធ្វើឲ្យទស្សនៈនៅរដ្ឋធានីគីវ មានភាពស្មុគស្មាញដែលថា ពេលវេលារបស់លោកពូទីនក្នុងនាមជាប្រធានាធិបតីរុស្ស៊ីជិតដល់ទីបញ្ចប់ហើយ។
ក្រុមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ដែលបាននិយាយទៅកាន់សារព័ត៌មាន BBC នៅក្នុងរដ្ឋធានីគីវ សុទ្ធតែបានអះអាងថា លោកប្រធានាធិបតី ពូទីន មិនអាចគេចផុតពីការបាត់បង់អំណាចដ៏មហន្តរាយនោះទេ។
មន្ត្រីជាន់ខ្ពស់មួយរូបដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រធានាធិបតីពូទីននឹងត្រូវបង្ខំឱ្យបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនគឺលោក Sergei Shoigu និងនាយអគ្គសេនាធិការលោកឧត្តមសេនីយ៍ Valery Gerasimov ចេញពីតំណែង ដែលប្រហែលជាការឆ្លើយតបទៅនឹងជំហានថយក្រោយផ្នែកយោធាមួយទៀត។
ក្រុមមន្ត្រីទាំងនោះបាននិយាយថា វាបានចាប់ផ្តើមជាមួយនឹងការសម្រេចចិត្តដ៏មហន្តរាយរបស់លោក ពូទីន ក្នុងការបង្កើនការវាយលុកពេញលេញលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន។ ពួកគេបាននិយាយថា ការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner និងការបរិហាររបស់លោក Prigozhin អំពីយុត្តិកម្មរបស់វិមានក្រឹមឡាំងសម្រាប់សង្គ្រាម បានដកចេញនូវអ្វីដែលនៅសេសសល់ក្នុងឱកាសនៃការជាប់គាំងផ្នែកយោធារបស់លោក ពូទីន៕