
អង្គការសហប្រជាជាតិ បានចុះឈ្មោះប្រទេសរុស្ស៊ី ចូលទៅក្នុងបញ្ជីប្រចាំឆ្នាំនៃការរំលោភបំពានធ្ងន់ធ្ងរលើកុមារ ដោយនិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បានសម្លាប់ និងធ្វើឲ្យរងរបួសកុមាររាប់រយនាក់ នៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។
របាយការណ៍ត្រូវបានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយលោកស្រី Virginia Gamba អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់កុមារ និងជម្លោះប្រដាប់អាវុធ។
របាយការណ៍និយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងក្រុមប្រដាប់អាវុធពាក់ព័ន្ធ បានសម្លាប់កុមារ១៣៦នាក់ និងធ្វើឲ្យរងរបួស៥១៨នាក់ និងបានចាប់ពង្រាត់ ៩១នាក់ផ្សេងទៀត នៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំកន្លងទៅនេះ។ របាយការណ៍និយាយថា ការវាយប្រហារ ៤៨០លើក ទៅលើសាលារៀន និងមន្ទីរពេទ្យ ត្រូវបានផ្ទៀងផ្ទាត់ និងត្រូវបានកំណត់ចំពោះយោធារុស្ស៊ី និងក្រុមពាក់ព័ន្ធ។
ប្រទេសស៊ីរី និងយ៉េម៉ែន ស្ថិតនៅក្នុងចំណោមប្រទេសទាំងឡាយដែលត្រូវបានចុះក្នុងបញ្ជីជាភាគីដែលបានប្រព្រឹត្តអំពើហិង្សាធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់កុមារ។ អង្គការសហប្រជាជាតិនិយាយថា រុស្ស៊ីបានក្លាយជា សមាជិកអចិន្ត្រៃយ៍ដំបូងគេរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលត្រូវបានដាក់បន្ថែមចូលទៅក្នុងបញ្ជីនេះ។ អង្គការសហប្រជាជាតិកំពុងអំពាវនាវឲ្យរុស្ស៊ីមានវិធានការការពារកុមារ។ ទន្តឹមនឹងនេះ របាយការណ៍បាននិយាយថា កុមារ ៨០នាក់ ត្រូវបានសម្លាប់ និង១៧៥នាក់ផ្សេងទៀត បានរងរបួស ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងបានចេញការអំពាវនាវឲ្យអ៊ុយក្រែនមានចំណាត់ការការពារសិទ្ធកុមារ។
