
រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បាននិយាយកាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ រវាងយោធារបស់ប្រទេសទាំង២។
ក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំរបស់ភាគីនៃប្រទេសទាំង២ នៅទីក្រុងប៉េកាំង លោក Li បាននិយាយថា ស្ថានភាពអន្តរជាតិមានភាពវឹកវរ និងជំពាក់វាក់វិនគ្នា ហើយសន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រឈមនឹងបញ្ហា។
លោក Li បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមលោក Phan Van Giang ( ផាន វ៉ាន់សាង) ថា៖ «ប្រទេសចិន និងវៀតណាម គួរតែបន្តធ្វើការរួមគ្នា និងរួបរួមគ្នាយ៉ាងជិតស្និទ្ធ ក្នុងដំណើរដ៏វែងឆ្ងាយថ្មីរបស់ប្រជាជាតិសង្គមនិយម ការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក Li បានប្រាប់លោក Phan ថា ទំនាក់ទំនងរវាងយោធារបស់ប្រទេសទាំង២ មានការវិវឌ្ឍន៍ទៅយ៉ាងល្អប្រសើរ ដោយលោកបានបន្ថែមថា យោធារបស់របស់ប្រទេសចិន មានឆន្ទៈជំរុញទំនាក់ទំនងឲ្យទៅដល់កម្រិតថ្មីមួយ។
កិច្ចប្រជុំរបស់ភាគីទាំង២ បានធ្វើឡើងបន្ទាប់ពីនាវា USS Ronald Reagan បានចូលចតនៅកំពង់ផែទីក្រុង Danang របស់វៀតណាម កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមិថុនា) ដោយនេះជាការឈប់ចតលើកទី៣ របស់នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក គិតចាប់តាំងពីបញ្ចប់សង្គ្រាមវៀតណាម៕