
ស្របពេលដែលតំបន់ភាគអាគ្នេយ៍រដ្ឋ Texasសហរដ្ឋអាមេរិក បន្តស្ថិតក្រោមរលកកម្តៅ សេចក្តីជូនដំណឹងពីកម្តៅក្តៅខ្លាំង បានចូលជាធរមានរហូតដល់យប់ថ្ងៃពុធ ហើយវាទំនងជាអាចបន្តចូលជាធរមានបន្ថែមទៀត ។
មកទល់នឹងពេលរសៀលថ្ងៃអង្គារ ទីក្រុង Houston រដ្ឋ Texas សីតុណ្ហភាព បានកើនឡើងដល់ប្រហែល ៣៦អង្សាសេ ក្នុងនោះសន្ទស្សន៍កម្តៅមានប្រហែល ៤៣អង្សាសេ ។
នៅទីបោះជំរំសម្រាប់ពលរដ្ឋគ្មានផ្ទះសម្បែងរស់នៅស្ថិតនៅជិតផ្លូវហាយវ៉េទីក្រុង Houston លោក Ray Walker គឺជាអ្នកគ្រប់គ្រងកម្មវិធីផ្តល់សេវាសាធារណជនក្រៅប្រព័ន្ធរដ្ឋាភិបាលសម្រាប់អង្គការមិនរកប្រាក់ចំណេញដោយផ្អែកលើជំនឿ Star of Hope បានដើរហុចទឹកត្រជាក់ដល់ពលរដ្ឋគ្មានផ្ទះសម្បែងរស់នៅ ខុសពីធម្មតា ។
លោក Walker និយាយថា វាពិបាកចេញក្រៅណាស់នៅទីនេះ ដោយសារតែអាកាសធាតុក្តៅ ។ ជារៀងរាល់ឆ្នាំ មានមនុស្សច្រើនដែលបាត់បង់ជីវិតដោយសារកម្តៅ ។
លោក Timmy Barnes គឺជាពលរដ្ឋគ្មានផ្ទះសម្បែងរស់នៅមកពីទីក្រុង Dallas រដ្ឋ Texas និយាយថា ស្ថានភាពអាកាសធាតុ ពិតជាឃោរឃៅខ្លាំងណាស់នៅខាងក្រៅ ។ លោកថា លោករងទុក្ខវេទនា លោកទទួលទានទឹកច្រើន ដើម្បីកុំឲ្យខ្សោះជាតិទឹក ៕
