
ក្រសួងបរិស្ថានរបស់ប្រទេសជប៉ុន បាននិយាយថា ប្រទេសនេះនឹងឈានឆ្ពោះទៅរកផែនការដើម្បីជួយណែនាំប្រព័ន្ធព្រមានជាមុនពីអាកាសធាតុ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ នៅអាស៊ីអាគ្នេយ៍ ដែលងាយរងគ្រោះចំពោះគ្រោះមហន្តរាយ នាំមកដោយបម្រែបម្រួលអាកាសធាតុ។ ក្រសួងនិយាយថានឹងធ្វើការជាមួយក្រុមហ៊ុនជប៉ុនដើម្បីវាស់ស្ទង់ពីតម្រូវការរបស់ប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Nishimura Akihiro និយាយថា ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ រួមមានអាកាសធាតុធ្ងន់ធ្ងរ កើតមានញឹកញាប់ កំពុងកើនឡើងជាក់ស្តែង។ លោកនិយាយថា ប្រទេសជប៉ុនសង្ឃឹមថា នឹងចែករំលែកបច្ចេកវិទ្យារបស់ខ្លួនជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជួយការពារអាយុជីវិត ទ្រព្យសម្បត្តិ និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើនតាមដែលអាចធ្វើទៅបាន។
ប្រព័ន្ធព្រមានជាមុន នឹងតម្រូវឲ្យបង្កើតរ៉ាដាអាកាសធាតុ និងបរិក្ខាអង្កេតដ៏ទៃទៀត ដែលវិភាគទិន្នន័យ និងចេញការព្យាករណ៍ និងបង្កើតបណ្តាញការងារដើម្បីផ្តល់ព័ត៌មានពីហានីភ័យនៃគ្រោះមហន្តរាយ។ ក្រសួងបរិស្ថាន និយាយថា ការណែនាំប្រព័ន្ធទាំងនេះ នៅក្រៅប្រទេស ទំនងជានឹងជំរុញដល់ក្រុមហ៊ុនប្រទេសជប៉ុនដើម្បីធ្វើឲ្យប្រសើរដល់បច្ចេកវិទ្យា និងពង្រីកទីផ្សាររបស់ពួកគេ។
អង្គការឧតុនិយមពិភពលោកបានប្រកាសពីយុទ្ធនាការដើម្បីធានាបានថា មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ត្រូវបានការពារប្រឆាំងអាកាសធាតុដ៏គ្រោះថ្នាក់ ដោយប្រព័ន្ធព្រមានជាមុន នៅត្រឹមចុងឆ្នាំ២០២៧។