
មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin បានធ្វើដំណើរទៅរស់នៅក្នុងនិរទេសភាពនៅប្រទេសបេឡារុសកាលពីថ្ងៃអង្គារ (២៧ មិថុនា) ក្រោមកិច្ចព្រមព្រៀងបញ្ចប់ការបះបោររយៈពេលខ្លីដោយក្រុមឣ្នកប្រយុទ្ធរបស់លោក ខណៈប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកសរសើរកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចំពោះការបញ្ចៀសសង្គ្រាមស៊ីវិល។
ទីភ្នាក់ងារព័ត៌មានរដ្ឋ BELTA បានដកស្រង់ប្រសាសន៍ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ដែលបាននិយាយថា "ខ្ញុំឃើញលោក Prigozhin កំពុងហោះហើរនៅលើយន្តហោះនេះ។ ជាការពិតហើយ លោកកំពុងនៅបេឡារុស្សនៅថ្ងៃនេះ"។
លោក Prigozhin ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោក ពូទីន និងជាអតីតទណ្ឌិតដែលក្រុមទាហានស៊ីឈ្នួលរបស់លោក បានប្រយុទ្ធគ្នាបង្ហូរឈាមក្នុងសង្រ្គាមអ៊ុយក្រែន និងបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនោះ បាននិយាយមុននេះថា លោកនឹងទៅប្រទេសបេឡារុសជិតខាងតាមការអញ្ជើញរបស់លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកពូទីន និងជាអ្នកស្គាល់គ្នាជាមួយមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner រូបនេះ។
អ៊ុយក្រែនសង្ឃឹមថាភាពចលាចលដែលបណ្តាលមកពីការប៉ុនប៉ងបះបោរនោះ នឹងបង្កផលបោះពាល់ដល់ការការពាររបស់រុស្ស៊ី ខណៈដែលរដ្ឋធានីគីវ បន្តការវាយបកដើម្បីដណ្តើមយកមកវិញនូវដែនដីដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងត្បូង និងខាងកើត៕