
អង្គភាពយោធារបស់កោះតៃវ៉ាន់បាននិយាយថា តៃវ៉ាន់នឹងបាញ់ទម្លាក់បាឡុងចារកម្មរបស់ប្រទេសចិន ប្រសិនបើបាឡុងទាំងនោះត្រូវគេមើលឃើញថាបង្ហាញការគំរាមកំហែង។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរការពារជាតិតៃវ៉ាន់កាលពីថ្ងៃអង្គារ (២៧ មិថុនា) បានធ្វើឡើងនៅពេលដែលមានរបាយការណ៍ថ្មីបានលេចឡើងពីកម្មវិធី "បាឡុងចារកម្ម"របស់ទីក្រុងប៉េកាំងនៅក្នុងតំបន់របស់ខ្លួន ជាមួយនឹងការរកឃើញចុងក្រោយដោយទីភ្នាក់ងារសារព័ត៌មាន BBC បង្ហាញថា កោះតៃវ៉ាន់ និងជប៉ុនគឺត្រូវបានកំណត់គោលដៅនៅក្នុងតំបន់អាស៊ីបូព៌ា។
របាយការណ៍បាននិយាយថា មានភស្តុតាងនៃបាឡុងចារកម្មជាច្រើនឆ្លងកាត់ប្រទេសជប៉ុន និងកោះតៃវ៉ាន់កាលពីខែកញ្ញា ឆ្នាំ២០២១។ ជប៉ុនក៏បានបញ្ជាក់ផងដែរថា បាឡុងចារកម្មទាំងនោះបានហោះលើទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈដើម្បីបាញ់ទម្លាក់បាឡុងទាំងនោះនៅពេលអនាគតផងដែរ។
ដោយប្រកាសអំពីយុទ្ធសាស្ត្រស្រដៀងគ្នានេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ Lin Wen-huang ( លីន វ៉ិនហ៊័ង) នាយកផែនការប្រតិបត្តិការរួមនៃអាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា "ប្រសិនបើបាឡុងចារកម្មទាំងនោះមានការបំភិតបំភ័យ ឬមានហានិភ័យចំពោះតៃវ៉ាន់ យើងនឹងបាញ់ទម្លាក់ និងបំផ្លាញពួកវាដើម្បីរក្សាសន្តិសុខរបស់យើង”៕