
លោក Alexandre Silveira គឺជារដ្ឋមន្រ្តីក្រសួងថាមពលប្រេស៊ីល និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកមានបំណងអនុម័តគម្រោងច្បាប់សម្រាប់ថាមពលខ្យល់សមុទ្រ និងអ៊ីដ្រូហ្សែនបៃតងនៅដំណាច់ឆ្នាំនេះ ស្របពេលដែលប្រទេសធំបំផុតនៅអាមេរិកឡាទីនមួយនេះ ព្យាយាមដោះស្រាយវិស័យថ្មី ដើម្បីផ្តល់កម្លាំងផ្លាស់ប្តូរថាមពលរបស់ខ្លួន ។
ជាផ្នែកមួយនៃកិច្ចខិតខំទាំងនោះ លោក Silveira បានលើកឡើងពីការដេញថ្លៃនាពេលខាងមុខនេះ សម្រាប់ខ្សែត្រង់ស្មីស្យុងដើម្បីបញ្ជូនថាមពលព្រះអាទិត្យ និងថាមពលខ្យល់ឆ្នេរ ចេញពីតំបន់ភាគឦសានប្រេស៊ីល ទៅកាន់ស្ថានីយ៍ថាមពលនៅភាគខាងត្បូងប្រទេស ។
លោកនិយាយថា ដោយដេញថ្លៃចាប់ពីតម្លៃជាង ៣,៣ពាន់លានដុល្លារឡើងទៅ ការដេញថ្លៃនេះ នឹងអាចរកបានការវិនិយោគ៤១,៧៩ពាន់លានដុល្លារ ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រេស៊ីលគ្មានច្បាប់ត្រឹមត្រូវនោះទេ ដើម្បីបង្កើតច្បាប់ថាមពលខ្យល់សមុទ្រ និងអ៊ីដ្រូហ្សែនបៃតង ។ កាលពីដើមខែមករាកន្លងទៅ រដ្ឋាភិបាលប្រេស៊ីល បានចេញក្រឹត្យបើកកន្លែងសម្រាប់អភិវឌ្ឍន៍ការផលិតថាមពលខ្យល់សមុទ្រ ។ ក្រុមហ៊ុនមួយចំនួន ដូចជាក្រុមហ៊ុន Shell និងក្រុមហ៊ុន Equinorបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ ។
លោក Silveira និយាយទៀតថា ពួកយើងមានជំនឿថា នៅដំណាច់ឆ្នាំនេះ ពួកយើងមានគម្រោងច្បាប់សុវត្ថិភាពសម្រាប់រោងចក្រថាមពលខ្យល់សមុទ្រ បង្ហាញដល់ពិភពលោក ៕