បាល់ទាត់៖ លោក ហោ សុខហេង គ្រូបង្វឹកក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទរំពឹងថា ការប្រកួតជាមួយក្រុមណហ្គាវើលដ៏នារសៀលថ្ងៃទី១៥ ខែឧសភាស្អែកនេះ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តហើយនឹងមានអ្វីថ្មីៗ និងប្លែកៗបង្ហាញជូនអ្នកគាំទ្រ បន្ទាប់ពីក្រុមនីមួយៗបានខកខានការប្រកួតជាយូរដូចគ្នា។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិដដែលបន្ដថា អំឡុងពេលបិទខ្ទប់កន្លងមក កូនក្រុមខ្លួនមិនបានហ្វឹកហាត់ដិតដល់ទេ ដោយគ្រាន់តែធ្វើលំហាត់តិចតួចដើម្បីពង្រឹងកាយសម្បទាប៉ុណ្ណោះ ទាំងអ្នកនៅផ្ទះ និងអ្នកនៅកីឡដ្ឋានស្ដាតចាស់។ តែក្រោយការបើកចរាចរឡើយវិញ ពួកគេទៅហ្វឹកហាត់កីឡដ្ឋាន AEU Sport Park ហើយប្ដេជ្ញានឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីដណ្ដើមលទ្ធផលល្អក្នុងជំនួបជាមួយក្រុមលោក មាស ចាន់ណា ស្អែកនេះ ពិសេសលោកសង្ឃឹមថា ក្រុមទាំងពីរនឹងបង្ហាញនូវអ្វីដែលថ្មីក្នុងការប្រកួតនេះផងដែរ។
គួរដឹងថា មុនលីគផ្អាកការប្រកួតបណ្ដោះអាសន្ន ដោយសារផលប៉ះពាល់នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រុមកងយោធពលខេមភូមិន្ទបានឆ្លងកាត់ ៤ប្រកួតរួចមកហើយ ជាមួយលទ្ធផលឈ្នះ២ ស្មើ១ និងចាញ់ ១ រកបាន ៧ពិន្ទុឈរលេខរៀងទី៤ បណ្ដោះអាសន្ននាំមុខក្រុមណាហ្គាវើលដ៏ ១ពិន្ទុ។ ចំពោះជំនួបស្អែកនេះនឹងធ្វើឡើងនាវេលាម៉ោង ៣៖៣០នាទីរសៀលនៅកីឡដ្ឋាន AEU Sport Park ដែលនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕
អត្ថបទ៖ លី ឈុនឡា