អាមេរិក៖ ឆ្មាំល្បាតឆ្នេរអាមេរិក បាននិយាយថា សាកសពមនុស្សត្រូវគេជឿថា ត្រូវបានរកឃើញនៅក្នុងបំណែកនៃនាវាមុជទឹក ទីតាន(Titan) ។
បំណែកពីនាវាមុជទឹកដែលផ្ទុះនៅក្នុងពេលធ្វើដំណើរក្នុងទឹកជ្រៅទៅកន្លែងកប៉ាល់ទីតានិក(Titanic) ត្រូវបានគេស្រង់ចេញនៅទីក្រុង St John's របស់ប្រទេសកាណាដា កាលពីថ្ងៃពុធ។
ក្រុមមន្ត្រីបាននិយាយថា ទ្វារបស់នាវាមុជទឹក និងគម្របខាងក្រោយត្រូវបានរកឃើញក្នុងចំណោមបំណែកទាំងនោះ។

ឆ្មាំល្បាតឆ្នេរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមអ្នកជំនាញវេជ្ជសាស្រ្តអាមេរិកនឹងធ្វើការវិភាគជាផ្លូវការនូវបំណែកសាកសពដែលគេសន្មតិថាជាសាកសព។
ទីភ្នាក់ងារនេះ គឺស្ថិតក្នុងដំណាក់កាលដំបូងនៃការស៊ើបអង្កេតលើមូលហេតុនៃគ្រោះមហន្តរាយនេះ។គណៈកម្មការស៊ើបអង្កេតនៃទាហានម៉ារីនរបស់ឆ្មាំល្បាតឆ្មេរ(MBI) នឹងបញ្ជូនភស្តុតាងទៅកាន់កំពង់ផែសហរដ្ឋអាមេរិក សម្រាប់ការធ្វើកោសល្យវិច្ឆ័យនិងការធ្វើតេស្ត។

ប្រធានគណៈកម្មការស៊ើបអង្កេតនៃកងម៉ារីនរបស់ឆ្មាំល្បាតឆ្មេរ លោកកាពីទែន ចាសុន ណៃបាវ៉ា (Jason Neubauer) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅតែមានសារៈសំខាន់នៃការងារនេះ ដែលនឹងត្រូវបានធ្វើដើម្បីស្វែងយល់កត្តានានា ដែលនាំឲ្យមានគ្រោះមហន្តរាយបាត់បង់នាវាទីតាន (Titan) និងជួយធ្វើឲ្យប្រាកដថា សោកនាកម្មស្រដៀងគ្នាណាមួយផ្សេងទៀតនឹងមិនកើតឡើងម្ដងទៀតទេ។
គួររម្លឹកថា មហាសេដ្ឋីទាំង៥នាក់ នៅលើនាវា នេះ បានស្លាប់កាលពីថ្ងៃទី១៨ខែមិថុនា បន្ទាប់ពីនាវាមុជទឹករបស់ពួកគេបានផ្ទុះប្រមាណ៩០នាទី ក្នុងពេលធ្វើដំណើរទៅទស្សនាបំណែកនាវាទីតានិកដ៏ល្បីល្បាញរបស់ពិភពលោកឆ្នាំ១៩១២ ដែលស្ថិតនៅបាតសមុទ្រជម្រៅ៣.៨០០ម៉ែត្រ ក្នុងសមុទ្រអាល្លង់ទិកខាងជើង ៕
