បារាំង៖ កងកម្លាំងសន្តិសុខដែលបានដាក់បន្ថែមរាប់ពាន់នាក់ កំពុងប្រឈមនឹងភាពរំជើបរំជួលនៅយប់ទី២ ក្នុងប្រទេសបារាំង បន្ទាប់ពីអ្នកបើកបររថយន្តជាយុវជនវ័យ១៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ដោយនគរបាលជិតទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ អំឡុងការត្រួតពិនិត្យសណ្ដាប់ធ្នាប់ចរាចរណ៍។

យុវជនដែលមានឈ្មោះថា ណាហេល អឹម (Nahel M)ត្រូវបានបាញ់នៅចំណុចត្រួតពិនិត្យមួយ ខណៈដែលជនរងគ្រោះបានបើករត់គេច និងបានប៉ះទង្គិចគ្នាភ្លាមៗ។
នគរបាលក្រុងប៉ារីស និយាយថា ពួកគេបានទប់ទល់នឹងអំពើហិង្សាថ្មីរយៈពេលខ្លី ។
នៅក្នុងទីក្រុង ទូលូស (Toulouse) ក្រុមអ្នកតវ៉ាបានដុតបំពួកភ្លើង និងគប់ដុំថ្មទៅលើក្រុមអ្នកពន្លត់អគ្គិភ័យ ស្របពេលពួកគេព្យាយាមពន្លត់ភ្លើង។
ក្រុមអ្នកតវ៉ាក៏បានប៉ះទង្គិចគ្នាជាមួយនគរបាលផងដែរ នៅភាគខាងជើងនៃទីក្រុងលីល(Lille) ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា នៅក្នុងភាគខាងជើងទីក្រុង រ៉ែន (Rennes) មនុស្សប្រហែល៣០០នាក់ បានប្រមូលផ្ដុំគ្នាគោរពវិញ្ញាណក្ខន្ធយុវជនរងគ្រោះរូបនេះ ដោយភាគច្រើនក៏បានដុតបំពួកភ្លើង និងត្រូវបានបំបែកដោយនគរបាលដើម្បីឲ្យក្រុមអ្នកពន្លត់អគ្គិភ័យពន្លត់ភ្លើង ផងដែរ ។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ការបាញ់សម្លាប់យុវជន ណាហេល គឺជារឿងមិនអាចអត់ឱនឲ្យបាន ។
ប៉ុន្តែការអត្ថាធិប្បាយរបស់លោក បានបង្កឲ្យផ្ទុះកំហឹងពីក្រុមសហជីពនគរបាល ដែលបានចោទប្រកាន់រូបលោកពីបទរុញឲ្យតុលាការស្វែងរកក្រុមមន្ត្រីជាប់ពាក់ព័ន្ធករណីនេះ មកកាត់ទោស។
មនុស្សយ៉ាងហោចណាស់៧៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រទេសបារាំងអំឡុងការតវ៉ានៅយប់ទី២ ដែលបង្កឡើងដោយសារការបាញ់សម្លាប់យុវជនវ័យ១៧ឆ្នាំ ពី សំណាក់នគរបាល ៕