
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកលេងបណ្តាញសង្គមFacebookទាំងអស់ មិនត្រូវយកបញ្ហាសន្តិសុខជាតិមកបង្ហោះលេងដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិនោះទេ ខណៈបញ្ហានេះមិនមែនជារឿងយកមកលេងសើចនោះឡើយ។
ការលើកឡើងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនេះ គឺបានធ្វើឡើងបន្ទាប់ពី មានអ្នកលេងហ្វេសបុកមួយចំនួនតូចបានយកករណីដ្រូន ឬយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជាដែលជាប់ព្រំដែនវៀតណាម មកភ្ជាប់ជាមួយយន្តហោះពាណិជ្ជកម្មដែលហោះកាត់កម្ពុជាកាលពីកន្លងទៅថ្មីៗនេះ។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមផ្តាំផ្ញើទៅបងប្អូនអ្នកលេងហ្វេសបុកទំាងអស់ហាមដាច់ខាត់ មិនឲ្យយកបញ្ហាសន្តិសុខជាតិ ដោយគ្មានប្រភពច្បាស់លាស់មកបង្ហោះលេងសើចនោះទេ វាអាចនាំឲ្យគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូល។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនោះដែរ សម្តេចតេជោ ក៏បានបង្ហើបឲ្យដឹងផងដែរ ចំពោះអាខោនហ្វេសបុករបស់បុគ្គលដែលបានបង្ហោះខុសពីការពិត ទាក់ទងនឹងយន្ត ពាណិជ្ជកម្មអន្តរជាតិថាជាដ្រូន ឬយន្តហោះគ្មានមនុស្សបើកចូលឈ្លានពានលើទឹកដីកម្ពុជា។ តែទោះជាយ៉ាងណារហូតមកដល់ពេលនេះអាខោនហ្វេសបុកទាំងនោះបានលុបចេញភ្លាមៗ បន្ទាប់ពីទទួលបានសាររបស់សម្តេចកាលពីយប់មិញនោះ៕អត្ថបទបាន ចក់