អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមឡើងវិញការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុងព្រំដែនប្រទេសម៉ិកស៊ិកដ៏គ្រោះថ្នាក់ជាកន្លែងដែលមានការព្រួយបារម្ភអំពីការចាប់ជំរិត និងការគំរាមទារប្រាក់ពីជនអន្តោប្រវេសន៍ដែលបានជំរុញឱ្យមន្ត្រីសហរដ្ឋអាមេរិកផ្អាកការកំណត់ពេលនៃការណាត់ជួបប៉ុន្មានថ្ងៃមុននេះ។

ការចាប់ផ្តើមឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១.៥០០នាក់ បានសម្រុកទៅកាន់ទីក្រុង នូវ៉ូ ឡារ៉េដូ(Nuevo Laredo) របស់ប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានដេកនៅទីធ្លាក្បែរស្ពានអន្តរជាតិ បន្ទាប់ពីលេចលឺដំណឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមទទួលយកជនអន្តោប្រវេសន៍នៅទីនោះដោយគ្មានការណាត់ជួបសុំសិទ្ធិជ្រកកោន។
អង្គភាពការពារព្រំដែននិងគយសហរដ្ឋអាមេរិក បានិយាយថា កម្មវិធីលើទូរស័ព្ទ CBP One របស់ខ្លួន ដែលមន្ត្រីបានជំរុញឱ្យជនអន្តោប្រវេសន៍ប្រើប្រាស់ចាប់តាំងពីការរឹតត្បិតកាលពីសម័យជំងឺ COVID-19 ហៅថាមាត្រា ៤២ បានផុតកំណត់កាលពីខែឧសភា ដែលនឹងផ្តល់ការណាត់ជួបម្តងទៀតដោយចាប់ផ្តើមនៅថ្ងៃពុធ ទី២៨ ខែមិថុនា។

រឿងនេះកើតឡើងមិនដល់ពីរសប្តាហ៍នោះទេ បន្ទាប់ពីកម្មវិធី CBP បានបិទប្រព័ន្ធសម្រាប់ការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុង Laredo ជាទីក្រុងនៅរដ្ឋតិចសាស់នៅទល់មុខទីក្រុង Nuevo Laredo នៅពេលដែលមន្រ្តីសហរដ្ឋអាមេរិក បានដឹងថាឧក្រិដ្ឋជនបានបង្ខំឱ្យជនអន្តោប្រវេសន៍បង់ប្រាក់៥០០ដុល្លារម្នាក់ៗដើម្បីបានទៅដល់ស្ពានចូលរួមការណាត់ជួបរបស់ពួកគេ៕