អាមេរិក៖ ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ (ADL) បាននិយាយកាលពីថ្ងៃពុធទី២៨ មិថុនា ថា ជាងពាក់កណ្តាលនៃពលរដ្ឋអាមេរិកកាំង ដែលត្រូវបានស្ទង់មតិកាលពីឆ្នាំមុនបានរាយការណ៍ថាកំពុងប្រឈមនឹងការយាយី និងការស្អប់ខ្ពើមតាមអ៊ីនធឺណិត ក្នុងអំឡុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ រួមទាំងជាង ៧៥% នៃអ្នកកែភេទ។

ការស្ទង់មតិប្រចាំឆ្នាំលើកទី៥របស់ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ បានបង្ហាញថា របាយការណ៍ស្តីពីការស្អប់ខ្ពើម និងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតកាលពី១២ខែមុន បានកើតឡើងលើមនុស្សស្ទើរតែគ្រប់ស្រទាប់នៅក្នុងសហរដ្ឋអាមេរិក។
ប្រមាណ៥២% នៃក្រុមអ្នកដែលបានឆ្លើយតបការស្ទង់មតិនេះ បានរាយការណ៍ថាបាននិងកំពុងប្រឈមទៅនឹងការយាយីតាមអ៊ីនធឺណិត បើធៀបទៅនឹងការស្ទង់មតិកាលពីឆ្នាំមុន ដែលមានត្រឹម៤០%ប៉ុណ្ណោះ។
អត្រានៃការធ្វើទុក្ខបុកម្នេញបានហក់ឡើងដល់៦៧% សម្រាប់អ្នកកែភេទ ខណៈដែលមានចំនួន២៦%លើជនជាតិជ្វីស ៣៨% លើជនជាតិអាមេរិកស្បែកខ្មៅ និង៣៨%លើពលរដ្ឋមូស្ល៊ីម ដោយនិយាយថាពួកគេ បានរងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ដោយមិនរាប់បញ្ចូលក្រុមមនុស្សកែភេទ ចំនួន៤៧% នៃក្រុមអ្នកឆ្លើយតបពីសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា ដែលបានរាយការណ៍ពីអំពើស្អប់ខ្ពើមនៅតាមអ៊ីនធឺណិត៕