អេស្ប៉ាញ៖ មានការប្រកាសភ្លើងសញ្ញាអាសន្នពណ៌ក្រហម នៅទីក្រុង ម៉ាឌ្រីដ (Madrid) ខដូបា (Cordoba) និងសេវីល (Seville) ខណៈអាកាសធាតុក្ដៅខ្លាំងក្នុងរលកកំដៅនៃរដូវក្ដៅដំបូងរបស់ប្រទេសអេស្ប៉ាញ។
សីតុណ្ហភាពបានកើនឡើងដល់៤៤អង្សាសេ នៅភាគខាងត្បូង ស្របពេលកំដៅនៅក្នុងរដ្ឋធានី ម៉ាឌ្រីដ ក៏បានហក់ឡើងលើស៤០អង្សាសេផងដែរ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសអេស្ប៉ាញ លោកស្រី ធារ៉េសា រីប៊ើរ៉ា (Teresa Ribera)បានហៅភាពក្ដៅហែងខុសរដូវនៅទូទាំងឧបទ្វីប អាយប៊ើរៀន( Iberian) កាលពីខែមីនា និងមេសាថាជា កំដៅគួរឲ្យខ្លាច ហើយពេលនេះ ប្រទេសនេះត្រៀមនឹងទទួលរងរលកកំដៅខ្លាំងសម្រាប់រដូវក្ដៅនេះ។
ដោយសារតែ នៅក្នុងរដ្ឋធានីម៉ាឌ្រីដ ពុំមានឆ្នេរសមុទ្រ មនុស្សម្នា បានស្វែងរកភាពត្រជាក់នៅតាមអាងទឹកសាធារណៈ និងសួនទឹកនានា ដូចជានៅសួនបាញ់ទឹកក្នុងតំបន់ម៉ាឌ្រីដ រីយ៉ូ (Madrid Rio) ជាដើម ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយក្នុងរបាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សដែលមានពិការភាពប្រឈមនឹងការបាត់បង់ជីវិត បង្កគ្រោះថ្នាក់ដល់រាងកាយ សង្គម និងសុខភាពផ្លូវចិត្ត ដោយសារកំដៅខ្លាំងពេក ពិសេស ប្រសិនបើមានអារម្មណ៍ថា ត្រូវរកវិធីទប់ទល់នឹងការហក់ឡើងសីតុណ្ហភាពដ៏គ្រោះថ្នាក់ដោយខ្លួនឯង ផងនោះ៕
