អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជំរុញឱ្យសម្ព័ន្ធយោធាណាតូ បញ្ជូនសញ្ញាច្បាស់លាស់ថា ប្រទេសលោកអាចចូលរួមជាមួយសម្ព័ន្ធមិត្តយោធានៅពេលដែលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនត្រូវបញ្ចប់ ដោយលោកនិយាយថាលោកចង់ទទួលបានសញ្ញានោះនៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅខែក្រោយនៅប្រទេសលីទុយអានី។ យើងយល់ថា ខណៈសង្រ្គាមកំពុងបន្ត យើងពុំអាចក្លាយជាសមាជិករបស់សម្ព័ន្ធណាតូបាននោះទេ។ ទោះជាយ៉ាងណា យើងត្រូវប្រាកដថា បន្ទាប់ពីសង្រ្គាម យើងនឹងក្លាយជាសមាជិក។ នោះជាសញ្ញាដែលយើងចង់បាន បន្ទាប់ពីសង្រ្គាម អ៊ុយក្រែននឹងក្លាយជាសមាជិកសម្ប័ន្ធយោធាណាតូ។ លោក Zelenskiy បាននិយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតី មកពីប្រទេសប៉ូឡូញ និងប្រទេសលីទុយអានី ដែលបានបំពេញដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមកកាន់ទីក្រុង Kyiv ហើយបានប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីធានាបានថា អ៊ុយក្រែនក្លាយជាសមាជិករបស់សម្ព័ន្ធណាតូឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ មេដឹកនាំដែលកំពុងធ្វើទស្សនកិច្ចទាំងពីររូប បានបង្ហាញការព្រួយបារម្ភចំពោះការមកដល់របស់មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin នៅក្នុងប្រទេសបេឡារុស ជាទីដែលលោកបាននិរទេសខ្លួនបន្ទាប់ពីដឹកនាំកងជីវពលរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់លោក ធ្វើការបះបោរដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេលខ្លីប្រឆាំងទីក្រុងមូស្គូ។ កាលពីព្រឹកថ្ងៃពុធ លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភានៅទិវារដ្ឋធម្មនុញ្ញអ៊ុយក្រែនថា មេដឹកនាំពិភពលោកគួរតែឈប់គិតអំពីរបៀបដែលវិមានក្រឹមឡាំងនឹងមានប្រតិកម្មចំពោះអ៊ុយក្រែនដែលចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ហើយបានចាត់ទុកមេដឹកនាំរុស្ស៊ីថាជា «ចោរព្រៃ»។ លោក Zelenskiy បាននិយាយថា លោកសង្ឃឹមថានឹងទទួលបានការធានាសន្តិសុខនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា ដើម្បីជួយការពារអ៊ុយក្រែន រហូតដល់ប្រទេសនេះត្រូវបានគេទទួលយកជាសមាជិកណាតូ៕

