ឥណ្ឌា៖ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកស្លាប់ជាង ៤ពាន់នាក់រយៈពេល ២ថ្ងៃជាប់គ្នាកាលពីថ្ងៃព្រហស្បតិ៍ ខណៈការឆ្លងនៅតែនៅត្រឹងក្នុងរង្វង់ក្រោម ៤សែននាក់រយៈពេល ៤ថ្ងៃជាប់គ្នា ទោះបីជាវីរុសនេះកាន់តែឆ្លងរាលដាលខ្លាំងដល់តំបន់ជនបទនានា ជាទីដែលករណីឆ្លងពុំបានរាយការណ៍ដោយសារតែកង្វះការធ្វើតេស្ត។

ក្រុមអ្នកជំនាញនៅតែមិនទាន់ប្រាកដថា នៅពេលណាចំនួនទាំងនោះនឹងស្ថិតនៅចំណុចកំពូល ហើយក្ដីបារម្ភចេះតែកើនឡើងអំពីការឆ្លងវីរុសបម្លែងខ្លួនថ្មី ដែលកំពុងឆ្លងរាតត្បាតខ្លាំងនៅឥណ្ឌា និងទូទាំងពិភពលោក។ យោងតាមទិន្នន័យក្រសួងសុខាភិបាលឥណ្ឌា មានករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៣៦២,៧២៧នាក់ក្នុងរយៈពេល ២៤ម៉ោង ខណៈអ្នកស្លាប់បានឡើងដល់ ៤,១២០នាក់។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាមានករណីឆ្លងចំនួន ២៤,០៤៦,១២០នាក់ និងស្លាប់ចំនួន ២៦២,៣៥០នាក់៕
អត្ថបទ៖ សុខមាន