ឥណ្ឌា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលនាំឲ្យមានឱកាសវិនិយោគ កិច្ចព្រមព្រៀងការពារជាតិ និងការសន្យានៃការបង្កើតការងារថ្មីរាប់ពាន់កន្លែង ជួយឲ្យរូបលោកទទួលបាននូវសន្ទុះដ៏ខ្លាំ ងនៅមុនការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌា នាឆ្នាំក្រោយ។

អ្នកសង្កេតការណ៍ជាច្រើន បានលើកឡើងថា មូលដ្ឋានគ្រឹះរបស់លោកឥឡូវនេះ ត្រូវបានពង្រឹងឡើងវិញ ដោយអ្នកគាំទ្របានសាទរ ចំពោះដំណើរទៅកាន់សហរដ្ឋអាមេរិកនេះ ដោយសារទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ ខណៈដែលនេះជាលើកទី១របស់លោកជាមួយនឹងឋានៈការទូតពេញលេញនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ។
ជាក់ស្ដែង អ្នកកាសែតចាស់វស្សា លោក Nilanjan Mukhopadhay ដែលបានសរសេរសាទរជីវប្រវត្តិរបស់នាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយថា ព្រឹត្តិការណ៍ក្នុងពិធីនានា ដូចជាអាហារពេលល្ងាចបែបរដ្ឋ និងសុន្ទរកថារបស់លោកទៅកាន់សភាសហរដ្ឋអាមេរិក ដែលជាធម្មតាត្រូវបានបម្រុងទុកតែសម្រាប់ដៃគូជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក បង្ហាញថា ឋានៈរបស់ប្រទេសឥណ្ឌាក្រោមការដឹកនាំរបស់លោក Modi បានឡើងខ្ពស់ដល់កម្រិតថ្មីមួយ។

តែយ៉ាងណាក្ដី សំណួរពាក់ព័ន្ធនឹងសិទ្ធិជនជាតិភាគតិច និងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ត្រូវបានលើកឡើងជាថ្មីម្តងទៀត ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនេះ ដោយសមាជិកសភាអាមេរិកប្រហែល ៧០នាក់ បានសរសេរលិខិតផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលជាការប៉ុនប៉ងដាក់សម្ពាធដល់រដ្ឋបាលរបស់លោកឲ្យលើកយកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយលោក Modi៕