កាណាដា៖ យោងតាមការអះអាងពីសេវាកម្មត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុប បានឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ ទីក្រុង Toronto ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាណាដា បានគ្របដណ្តប់ដោយផ្សែង ស្របពេលដែលភ្លើងឆេះព្រៃនៅទូទាំងប្រទេស បានបញ្ចេញឧស្ម័នកាបូនច្រើនបំផុតរហូតដល់ ១៦០លានតោន ។

លោក Mahen Thacker គឺជាពលរដ្ឋវ័យ ៨៧ឆ្នាំមួយរូប ដែលមិនខុសប្លែកពីពលរដ្ឋដទៃទៀតដែរ ពាក់ម៉ាសការពារផ្សែងពុល និយាយថា លោកត្រូវតែប្រុងប្រយ័ត្នខ្លួនថាផ្សែងទាំងនេះ ពុំបានប៉ះពាល់ដល់សុខភាពរបស់លោក និងសួតរបស់លោកនោះឡើយ ។

ផ្សែងចំហេះព្រៃ ជាប់ពាក់ព័ន្ធនឹងអត្រាខ្ពស់នៃជំងឺគាំងបេះដូង ដាច់សរសៃខួរក្បាល ហើយនិងនាំឲ្យមានអ្នកជំងឺកាន់តែច្រើនចូលបន្ទប់សង្រ្គោះបន្ទាន់ ដើម្បីព្យាបាលស្ថានភាពផ្លូវដង្ហើម ។
រដូវភ្លើងឆេះព្រៃក្នុងឆ្នាំនេះ គឺជារដូវដ៏អាក្រក់បំផុតមានក្នុងកំណត់ត្រានៅប្រទេសកាណាដា ក្នុងនោះផ្ទៃដីព្រៃប្រហែល ៧៦.០០០គ.មក្រឡា ត្រូវបានភ្លើងឆាបឆេះនៅទូទាំងតំបន់ភាគខាងកើត និងតំបន់ភាគខាងលិចប្រទេស ស្របពេលដែលក្រុមអាជ្ញាធរសុខភាពសាធារណៈចេញសេចក្តីប្រកាសអាសន្នពីគុណភាពខ្យល់ ដោយជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ៕