ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញអ្នកផលិតអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាកផលិតផលឱ្យមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងមានភាពល្បីល្បាញ ដើម្បីទាញយកចំណែកទីផ្សារឱ្យបានកាន់តែធំ។
ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិកាជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានលើកឡើងក្នុង ពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល” ដែលត្រូវរៀបចំឡើងនៅខេត្តសៀមរាប ថ្ងៃទី២៨ ខែមិថុនា ។
ឯកឧត្តម សួន វិជ្ជា លើកឡើងថា ក្នុងបរិការណ៍នៃការប្រកួតប្រជែងនៅលើទីផ្សាមានលក្ខណៈខ្លាំងក្លាផងដែរ តម្រូវឱ្យសហគ្រិនគ្រប់រូបមិនត្រឹមតែ មានភាពច្នៃប្រឌិតក្នុងការអភិវឌ្ឍផលិតផលទំនិញ និងសេវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាកផលិតផលឱ្យមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងមានភាពល្បីល្បាញដើម្បីទាញយកចំណែកទីផ្សារឱ្យបានកាន់តែធំ។
ឯកឧត្តម សួន វិជ្ជា បន្តថា ម៉ាកសម្គាល់ផលិតផលជាសញ្ញាមួយដែលភ្ជាប់ទំនាក់ទងរវាងផលិតផលជាមួយអ្នកប្រើប្រាស់ឱ្យសម្គាល់បាននូវ គុណភាព ស្តង់ដារ ប្រភពផលិតផល និងព័ត៌មានផ្សេងៗដែលជួយដល់ការសម្រេចចិត្តនៅពេលជ្រើសរើសផលិតផលមកប្រើប្រាស់។ ជាពិសេស ស្ថិតនៅក្នុងសម័យកាលនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដូច្នេះ ការបំពាក់ម៉ាកផលិតផលឱ្យបានត្រឹមត្រូវ និងការរៀបចំយុទ្ធសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាក ជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងការឈានចូលទៅកាន់ទីផ្សារ។
ការកំណត់យកប្រធានបទសិក្ខាសាលា ដោយផ្តោតលើ “ការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍផលិតផល” នាពេលនេះនឹងរួមចំណែកជំរុញសហគ្រិនស្ត្រីក្នុងគ្រប់វិស័យឱ្យយល់ដឹងពីកម្មសិទ្ធិបញ្ញា ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងធ្វើការការរៀបចំយុទ្ធសាស្ត្រកសាងម៉ាកផលិតផលរបស់ខ្លួនឱ្យមានភាពប្រកួតប្រជែងលើទីផ្សារ។
ក្រោមជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍ នាយកដ្ឋានបានគាំទ្រដល់សមាគមក្នុងការ ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមចំនួន៤ ដូចជា “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលកំពតកែប” “បង្កងតាកែវ” និង“ទឹកត្រីកំពតកែប និងបានចុះបញ្ជីម៉ាកសមូហភាពបន្ថែមចំនួន៤ “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” “នំបញ្ចុកសៀមរាប” “ដូងខ្ទិះបាត់ដំបងដែលសមិទ្ធផលទាំងអស់ខាងលើនេះ បានរួមចំណែក យ៉ាងសំខាន់ដល់ការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលខ្មែរ ថែរក្សាវប្បធម៌ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្ម និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ៕ អត្ថបទ៖ វណ្ណៈ


