បាល់ទាត់៖ ខ្សែប្រយុទ្ធជួរមុខទាំងពីរនាក់ Jadon Sancho និង Erling Haaland រកបានម្នាក់ពីរគ្រាប់ក្នុងជ័យជំនះរបស់ Borussia Dortmund ៤-១ លើ RB Leipzig ដើម្បីគ្រងជើងឯក DFB Pokal រឺ German Cup។

កីឡាករវ័យ ២១ឆ្នាំអង់គ្លេស Jadon Sancho ជាអ្នកស៊ុតបើកការនាំមុខយ៉ាងល្អអោយ Dortmund នៅនាទីទី៥ មុនពេលដែលខ្សែប្រយុទ្ធណ័រវេស Erling Haaland បន្ថែមមួយគ្រាប់ទៀតនាទីទី២៨។ មុនចប់វគ្គទី១ Sancho ដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួននាទីទី៤៥+១ ខណៈវគ្គទី២ Dani Olmo តបបានមួយគ្រាប់វិញអោយ Leipzig នាទីទី៧១ តែ Haaland ក៏រកបានគ្រាប់ទីពីររបស់ខ្លួនផងដែរមុនចប់ការប្រកួត។ អ្នកចាត់ការ Leipzig លោក Julian Nagelsmann ដែលនឹងក្លាយជាអ្នកចាត់ការ Bayern Munich រដូវក្រោយ សង្ឃឹមថានឹងចាកចេញពី Leipzig ជាមួយនឹងជើងឯក German Cup នេះតែមិនសមបំណង។
ផ្ទុយទៅវិញអ្នកចាត់ការវ័យ ៣៨ឆ្នាំ Edin Terzic ដែលត្រឹមជាអ្នកចាត់ការបណ្តោះអាសន្ននោះ បានក្លាយជាអ្នកចាត់ការវ័យក្មេងបំផុត ៣៨ឆ្នាំ ១៩៥ថ្ងៃ ដែលដឹកនាំក្រុមឈ្នះជើងឯក DFB Pokal បន្ទាប់ពីលោក Thomas Schaaf ដែលធ្លាប់ដឹកនាំ Werder Bremen ធ្វើបានបែបនេះកាលពីឆ្នាំ១៩៩៩ ក្នុងវ័យ ៣៨ឆ្នាំ ៤៣ថ្ងៃ៕
អត្ថបទ៖នាង សុភាវុធ