ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងមានប្រវែង១៤៤ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្រាប់ជាចំណងដៃសម្រាប់ប្រជាជនខេត្តព្រះវិហារ ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ស្ពាននេះជាសមិទ្ធផលថ្មីរបស់ផ្តល់ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ និងជាចំណងដៃថ្មី សម្រាប់ប្រយោជន៍រួម និងបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់សម្រាប់ប្រជាជននៅតាមទីជនបទ ពិសេសប្រជាជននៅក្នុងខេត្តព្រះវិហារ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលនានាមកកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។
ក្នុងឱកាសនោះ ឯកឧត្តម មាស សុភា បានថ្លែងការកោតសរសើរដល់អាជ្ញាធរដែនដីដែលបានជួយសម្រួលដល់ការសាងសង់ស្ពាននេះទទួលបានជោគជ័យ និងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ។
ឯកឧត្តម មាស សុភា បានបន្ថែមថា សម្តេចតេជោ បានផ្តល់អាទិភាព៤យ៉ាងជាសំខាន់ ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍ជូនប្រទេសជាតិទី១,ផ្លូវគមនាគមន៍ មានផ្លូវស្ពានចាប់តាំងពីទីក្រុងរហូតដល់ជនបទ ទី២,ភ្លើង កាលពីដើមប្រជាពលរដ្ឋនៅតាមទីជនបទ ប្រើកន្លុះ និងចង្កៀងប្រេងកាត ចុះពេលនេះ មានភ្លើងអគ្គិសនីប្រើដល់ជនបទទី៣,វិស័យទឹកស្អាត ពីដើមភូមិនីមួយៗមានតែអណ្តូងដៃ តែពេលនេះ ទឹកស្អាតតបណ្តាញដល់ទីជនបទ យើងមានអាងធំៗស្តុកទឹកទុកស្រោចស្រពដំណាំអាចធ្វើស្រូវបាន២ ដងក្នុង១ឆ្នាំ និងទី៤,វិស័យធនធានមនុស្សពីដើមសាលារៀន មានតែនៅតាមក្រុងស្រុក ពេលនេះវិទ្យាល័យ អនុវិទ្យាល័យចូលដល់ឃុំសង្កាត់ហើយ ប្រទេសជឿនលឿនទៅបានអាស្រ័យលើធនធានមនុស្ស។
ឯកឧត្តម មាស សុភា បានអំពាវនាវដល់ប្រជាជននៅទូទាំងខេត្តព្រះវិហារ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ខែក្រោយនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលបានជួយដល់ការកសាងប្រទេសជាតិឱ្យមានការរីកចម្រើនពិសេសថ្នាក់ដឹកនាំដែលកំពុងបំរើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋយើង៕










