ឥណ្ឌា ៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនមានភាពជាប់គាំងនៅក្នុងផ្នែកផ្សេងៗនៃរដ្ឋអាសាំ (Assam) ប្រទេសឥណ្ឌា ហើយបានឆក់យកជីវិតមនុស្សចំនួន៧នាក់ តាមការបញ្ជាក់របស់របាយការណ៍ទឹកជំនន់ប្រចាំថ្ងៃដែលចេញផ្សាយដោយប្រព័ន្ធរាយការណ៍ទឹកជំនន់ និងគ្រប់គ្រងព័ត៌មាន (FRIMS) រដ្ឋអាសាំ កាលពីថ្ងៃពុធ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ស្រុកចំនួន ១២ ត្រូវបានរងគ្រោះដោយទឹកជំនន់ ដែលរួមមាន បាចាលី (Bajali), បាប៉េតា (Barpeta), ប៊ីស្វាណាត់ (Biswanath), ដារ៉ាង (Darrang), ដេម៉ាជី (Dhemaji), ហ្គូលប៉ារ៉ា (Goalpara), ចូហាត់ (Jorhat), កាំរ៉ាប់ (Kamrup), ឡាឃីពួរ (Lakhimpur), ណាបារី (Nalbari), សូនីពួរ (Sonitpur) និង តាមូពួរ (Tamulpur)។
ខណៈឃុំចំនួន២០ ត្រូវបានរងផលប៉ះពាល់ ហើយភូមិចំនួន៣៩៥ ត្រូវបានរងគ្រោះដោយទឹកជំនន់ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធរាយការណ៍ទឹកជំនន់ FRIMS ។ របាយការណ៍នោះ ក៏បានបញ្ជាក់ផងដែរថា ជំរំសង្គ្រោះចំនួន១០៦ទីតាំង ត្រូវបានបើកនៅក្នុងស្រុកឬ ឣនុតំបន់រដ្ឋបាលចំនួន៧៨ ហើយចំនួនសត្វដែលរងផលប៉ះពាល់សរុបមានចំនួន៦៥.៧៥៩ក្បាលនៅក្នុងស្រុកចំនួន៦នៃរដ្ឋនេះ។
តាមរបាយការណ៍ មនុស្សជាង៨២.០០០នាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងស្រុកទាំងនោះ ទោះបីជាស្ថានភាពទឹកជំនន់នៅក្នុងផ្នែកផ្សេងទៀតនៃរដ្ឋមានភាពប្រសើរឡើងបន្តិចក៏ដោយ។
ប្រភពមួយចំនួនពីរដ្ឋាភិបាលរដ្ឋមុននេះបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ឆ្នាំនេះមានចំនួនតិចជាងឆ្នាំមុន៕

