អុឺរ៉ុប ៖ ការចាប់ផ្តើមដំបូងនៃរដូវកាលអាជីវកម្មរដូវក្តៅនៅក្នុងប្រទេសអេស្ប៉ាញដែលមានបំណងជំរុញការលក់កំពុងត្រូវបានរារាំងដោយកំណើនគួរឱ្យកត់សម្គាល់នៃការចំណាយប្រចាំថ្ងៃ ដែលបណ្តាលមកពីអតិផរណាខ្ពស់នៅអឺរ៉ុប បានធ្វើឱ្យអាជីវកម្មនានាពិបាកសម្រេចគោលដៅលក់របស់ខ្លួន។
តាមទម្លាប់ រដូវកាលលក់ដូរនារដូវក្តៅនៅប្រទេសអេស្ប៉ាញចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាជីវកម្មជាច្រើនបានចាប់ផ្តើមផ្តល់ការបញ្ចុះតម្លៃជាមុន ដើម្បីបង្កើនប្រសិទ្ធភាពនៃការលក់។
យោងតាមការស្ទង់មតិដែលចេញផ្សាយដោយក្រុមហ៊ុនទិន្នន័យទីផ្សារអនឡាញ Statista កាលពីខែកុម្ភៈឆ្នាំនេះ បង្ហាញថា បណ្ដាអ្នកប្រើប្រាស់នៅក្នុងប្រទេសអេស្ប៉ាញ បានចំណាយជាមធ្យមចំនួន២៨៨អឺរ៉ូក្នុងអំឡុងរដូវកាលលក់ចំនួនពីរ កាលពីឆ្នាំ២០២២ ដោយធ្លាក់ចុះប្រហែល ១៩,៦ ភាគរយពីចំនួន ៣៥៨ អឺរ៉ូ កាលពីឆ្នាំ ២០១៩។
ការស្ទង់មតិថ្មីៗនេះដែលចេញផ្សាយដោយសមាគមអ្នកប្រើប្រាស់របស់ប្រទេសអេស្ប៉ាញបានប៉ាន់ប្រមាណថា អ្នកប្រើប្រាស់អេស្ប៉ាញនឹងចំណាយត្រឹមតែ៨៩ អឺរ៉ូ ក្នុងមនុស្សម្នាក់នារដូវកាលលក់នៅរដូវក្តៅឆ្នាំនេះ។
ទោះបីជាអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូមួយនេះបានបង្ហាញពីនិន្នាការធ្លាក់ចុះក៏ដោយ ធនាគារកណ្តាលអ៊ឺរ៉ុប រំពឹងថាអត្រាអតិផរណាដ៏ខ្ពស់នឹងនៅតែបន្តសម្រាប់រយៈពេលដ៏យូរ ព្រមទាំងសម្ពាធអតិផរណាដ៏ខ្លាំងផងដែរ។ ក្រុមអ្នកជំនាញព្យាករណ៍ថា អត្រាការចំណាយពិតប្រាកដរបស់ប្រជាជនអឺរ៉ុប ទំនងជាមិនអាចងើបឡើងវិញបានក្នុងពេលឆាប់ៗនេះទេ៕

