ទួរគី ៖ ជនជាតិទួរគីកំពុងតែមានការលំបាកក្នុងការទទួលបានទិដ្ឋាការតំបន់ស្ហ៊ែង៉ិន (Schengen) របស់អឺរ៉ុបកាន់តែច្រើនឡើងៗនាពេលបច្ចុប្បន្ននេះ មិនថាពួកគេធ្វើដំណើរក្នុងគោលបំណងអាជីវកម្ម ឬគ្រាន់តែដើម្បីកម្សាន្តនោះទេ។ យោងតាមសមាគមទីភ្នាក់ងារទេសចរណ៍ទួរគី (TÜRSAB) បានឲ្យដឹងថា អត្រាបដិសេធទិដ្ឋាការ សម្រាប់អ្នកស្នើសុំជនជាតិទួរគីមាន៥០ភាគរយនៅឆ្នាំនេះ កើនឡើងពីចំនួន១៥ភាគរយកាលពីឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ កាលពី៤ឆ្នាំមុន ចំនួននេះគឺត្រឹមតែ៩,៧ភាគរយប៉ុណ្ណោះ។
សហភាពអឺរ៉ុបបានដាក់បន្ទុកលើជំងឺរាតត្បាតនិងកង្វះបុគ្គលិកថាជាមូលហេតុនៃអត្រាបដិសេធខ្ពស់នេះ។ លោកស្រី Gulru Gezer អ្នកវិភាគនយោបាយនៅមូលនិធិស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ចនៃប្រទេសទួរគី (TEPAV) បាននិយាយថា "ប៉ុន្តែជំងឺរាតត្បាតនោះបានចប់ទៅហើយ។ មិនថាមានអ្វីកើតឡើងនោះទេ ទួរគីគឺជាប្រទេសដែលមានសេដ្ឋកិច្ចលើសពីបណ្ដាប្រទេសសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់យើង។ នេះពិតជាធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងភាគីទាំងពីរ"។
លោកស្រី Gezer ជឿថាអត្រាបដិសេធខ្ពស់នេះឆ្លុះបញ្ចាំងឱ្យឃើញថា សហភាពអឺរ៉ុបកំពុងសងសឹកប្រទេសទួរគី ចំពោះការមិនចុះសម្រុងទាំងឡាយថ្មីៗនេះ ប៉ុន្តែលោកស្រីបានព្រមានថា នេះនឹងធ្វើឱ្យមានទស្សន ប្រឆាំងលោកខាងលិចនៅក្នុងប្រទេសទួរគីតែប៉ុណ្ណោះ៕

