រុស្ស៊ី ៖ យោងតាមប្រភពដែលត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន Moscow Times និងអ្នកសរសេរប្លុករបស់យោធារុស្ស៊ី មានសេចក្ដីរាយការណ៍ថា អាជ្ញាធររុស្ស៊ី បានឃុំខ្លួនលោកឧត្តមសេនីយ៍ Sergei Surovikin អគ្គមេបញ្ជាការរងនៃប្រតិបត្តិការយោធារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានការរាយការណ៍ពីការបោសសម្អាតមន្ត្រីយោធា បន្ទាប់ពីមានការបះបោររយៈពេលខ្លី ដោយកងកម្លាំងទាហានស៊ីឈ្នួល Wagner។
ដោយដកស្រង់ប្រភព២ ដែលជិតស្និទ្ធនឹងក្រសួងការពារជាតិរុស្ស៊ី ការិយាល័យនៃសារព័ត៌មានជាភាសារុស្សី «Moscow Times» កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) បានរាយការណ៍ថា លោក Surovikin ត្រូវបានចាប់ខ្លួន តាមអ្វីដែលប្រភពមិនបញ្ចេញឈ្មោះម្នាក់ ក្នុងចំណោមប្រភពទាំង២ ប្រាប់ឲ្យដឹង ដោយសារកំពុងជ្រើសរើសប្រធានរបស់ក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ក្នុងអំឡុងពេលបះបោរ។
យោងសារព័ត៌មាន Moscow Times អ្នកសរសេរប្លុកយោធារុស្ស៊ីម្នាក់ឈ្មោះ Vladimir Romanov ក៏បានរាយការណ៍ពីការចាប់ខ្លួនលោក Surovikin កាលពីថ្ងៃពុធផងដែរ ខណៈពេលដែលវិទ្យាស្ថានស្រាវជ្រាវ សម្រាប់ការសិក្សាស្រាវជ្រាវពីសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិក បានរាយការណ៍ពីប្រភពរបស់រុស្ស៊ីមួយផ្សេងទៀត ដែលអះអាងថា សម្ព័ន្ធមិត្តយោធារបស់លោក Surovikin ត្រូវបានចោទប្រកាន់ថា បានចូលរួមគំនិតឲ្យមានការបះបោរ។
តែយ៉ាងណាក្ដី សារព័ត៌មាននេះ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី នៅមិនទាន់ចេញមកធ្វើសេចក្ដីអត្ថាធិប្បាយអ្វីនោះឡើយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ពីការចាប់ឃុំខ្លួនលោក Surovikin នេះ៕

