អុយក្រែន ៖ កាលពីថ្ងៃពុធម្សិលមិញ វិមានក្រឹមឡាំង បានច្រានចោលការចោទប្រកាន់របស់អង្គការសហប្រជាជាតិ(UN)ថា រុស្ស៊ីបានបំពានសិទ្ធិកុមារនៅអ៊ុយក្រែន ហើយពួកគេនិយាយថា តែផ្ទុយទៅវិញទេដែលកងកម្លាំងរបស់ពួកគេ បានជួយសង្រ្គោះកុមារចេញពីតំបន់ជាប់ជម្លោះ របាយការណ៍មួយដែលបានចេញកាលពីថ្ងៃអង្គារ បាននិយាយថា UN ចោទប្រកាន់ថារុស្ស៊ីថាបានឃុំឃាំងជនស៊ីវិលជាង៨០០នាក់ ក្នុងនោះមានទាំងកុមារផងដែរ ហើយនិងប្រហារជីវិតជនស៊ីវិល ៧៧នាក់ ចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំមុន ។
នៅក្នុងរបាយការណ៍មួយទៀត រៀបចំឡើងដោយអគ្គលេខាធិការ UNលោក Antonio Guterres សម្រាប់ក្រុមប្រឹក្សាសន្តិសុខ UN និងបានចុះផ្សាយកាលពីសប្តាហ៍មុន បាននិយាយដែរថា រុស្ស៊ីរងការចោទប្រកាន់ថាបានសម្លាប់កុមារ ១៣៦នាក់ នៅក្នុងឆ្នាំ ២០២២ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយប្រាប់សន្និសីទសារព័ត៌មានថា ទីក្រុងម៉ូស្គូ សូមធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ ។
លោកនិយាយថា យោធារបស់ពួកយើង សុខចិត្តផ្សងជីវិតដ៏គ្រោះថ្នាក់របស់ពួកគេ ចាត់វិធានការដើម្បីសង្រ្គោះកុមារ ដើម្បីនាំពួកគេចេញពីការផ្លោងគ្រាប់កាំភ្លើងធំរបស់កងកម្លាំងអ៊ុយក្រែនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។
សូមបញ្ជាក់ថា រុស្ស៊ីតែងតែច្រានចោលការចោទប្រកាន់ពីបទបំពានសិទ្ធិមនុស្សនៅអ៊ុយក្រែន ហើយនិងបដិសេធន៍ផងដែរការមានគោលដៅដោយចេតនាលើជនស៊ីវិល នៅក្នុងប្រតិបត្តិការសឹកពិសេសរបស់ពួកគេ ។
នៅក្នុងរបាយការណ៍ ៣៦ទំព័ររបស់ UNកាលពីថ្ងៃអង្គារ ដោយផ្អែកលើការធ្វើដំណើរ ៧០លើកទៅកាន់មន្ទីរឃុំឃាំង និងការធ្វើបទសម្ភាសន៍ជាង ១ពាន់លើក បាននិយាយថា អ៊ុយក្រែនបានបំពានច្បាប់អន្តរជាតិដូចគ្នា ដោយឃុំឃាំងជនស៊ីវិលតាមតែអំពើចិត្ត ប៉ុន្តែគ្រាន់តែមានចំនួនតិចជាងប៉ុណ្ណោះ ៕

