កំពង់ធំ៖បណ្តាពលរដ្ឋ នៅស្រុកតាំងគោក និងស្រុកបារាយណ៍ របស់ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមិថុនានេះ បានត្រៀមខ្លួនរួចរាល់ថានឹងចូលរួមគាំទ្រហែបក្ស ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចាប់ពីថ្ងៃទី១ ខែកក្កដា ខានស្អែកនេះ ដើម្បីបំផុសមហាជនចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលគេស្រឡាញ់ពេញចិត្ត ឲ្យបន្តសាងសុខសន្តិភាព ការអភិវឌ្ឍ និងរីកចម្រើន។
ពលរដ្ឋ ស្រុកតាំងគោកថ្លែងថា ប្រទេសកម្ពុជា បច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការរីកចម្រើន អគារសំណង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការជំរុញសេដ្ឋកិច្ច ជីវភាពរបស់ពលរដ្ឋបន្តការរីកចំរើនហើយ នៅថ្ងៃទី១ ខែកក្កដានេះ ពលរដ្ឋនឹងចូលរួមហែបក្ស ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកាសឲ្យពលរដ្ឋបំពេញសិទ្ធិកាតព្វកិច្ចរបស់ខ្លួនទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រទេសចាស់ទុំផ្នែកខាងនយោបាយ ឲ្យបន្តសាងសុខសន្តិភាព អភិវឌ្ឍន៍ បន្តការរីកចំរើន។
តាមសេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងធ្វើឡើងរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយបណ្តាគណបក្សនយោបាយនានាចំនួន១៨គណបក្សនយោបាយ នឹងធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោតជាសាធារណៈឲ្យគាំទ្រខ្លួន៕ អត្ថបទ ស៊ុម សុខជា