
ប្រទេសប៉ូឡូញ ទទួលបានរថក្រោះ Abrams របស់សហរដ្ឋអាមេរិកចំនួន ១៤គ្រឿងដំបូង កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) ដែលនេះជាការទទួលបានចំណែក នៃកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខា នៅឆ្នាំ២០២២។
ទីក្រុងវ៉ាសូវីបានបញ្ជាទិញរថក្រោះប្រយុទ្ធដ៏ទំនើប Abrams ចំនួន ២៥០គ្រឿង បន្ថែមលើរថក្រោះ ១១៦គ្រឿង ដែលត្រូវបានកែប្រែជួសជុលឲ្យកាន់តែទំនើប ខណៈដែលប្រទេសនៅតំបន់អឺរ៉ុបមួយនេះ កំពុងស្វះស្វែងរកការពង្រឹងផ្នែកយោធារបស់ខ្លួន ក្នុងកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការលុកលុយរបស់រុស្ស៊ី ដែលមានសក្តានុពល នៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន។
ថ្លែងនៅក្នុងទីក្រុង Szczecin (ស៊ូឆេឈីន) ជាកន្លែងដែលរថក្រោះត្រូវបានបញ្ជូនមកដល់ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Mariusz Blaszczak ( ម៉ារីឣូស ប្លាស់ហ្សាក់) បាននិយាយថា ទាហានមកពីកងពលថ្មើរជើងបំពាក់ដោយរថពាសដែកទី១៨ របស់កងទ័ពប៉ូឡូញ ត្រូវបានបណ្តុះបណ្តាលរួចហើយដោយកងទ័ពសហរដ្ឋអាមេរិក ដើម្បីប្រតិបត្តិការរថក្រោះទាំងនេះ។
លោក Blaszczak បាននិយាយថា៖ «ពួកគេ (បេឡារុស) នឹងបិទច្រកទ្វារប្រេស (Brest) ជាតំបន់ដីដែលលាតសន្ធឹងពីភាគខាងកើតយ៉ាងឆ្ងាយរហូតដល់ទន្លេវីស្តូឡា (Vistula) ហើយភារកិច្ចរបស់យើង គឺបិទច្រកទ្វារនេះ និងរារាំងអ្នកលុកលុយ ពោល គឺធ្វើឲ្យអ្នកលុកលុយមិនអាចចូលមកក្នុងដីប៉ូឡូញបាន»។
ការបញ្ជូនរថក្រោះនេះ កើតមានឡើងនៅចំពេលដែលមានការបារម្ភពីរដ្ឋសម្ព័ន្ធភាពណាតូមួយចំនួនអំពីការមកដល់ប្រទេសបេឡារុសរបស់លោក Yevgeny Prigozhin ដែលជាមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បន្ទាប់ពីរូបលោកដឹកនាំការបះបោរមិនបានសម្រេច៕
