
អ្នកស្រុកកំពុងសម្រុកទៅផ្សារដែលមានភាពអ៊ូអរនៅទូទាំងទីក្រុងកាសហ្កា (Kashgar) ក្នុងតំបន់ស្វយ័ត Xinjiang Uygur (ស៊ីនជាំង ឣួយហ្គើ) ភាគពាយព្យនៃប្រទេសចិន ខណៈដែលពួកគេស្វែងរកទិញទំនិញជាច្រើនមុខសម្រាប់ពិធីបុណ្យកូរៈបាន (Corban) ដែលជាពិធីបុណ្យដ៏សំខាន់មួយប្រារព្ធដោយអ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសចិន។
ជាការប្រារព្ធពិធីបញ្ចប់នៃខែដ៏វិសិដ្ឋរបស់អ៊ីស្លាមនៃបុណ្យរ៉ាម៉ាដាន ពិធីបុណ្យ កូរៈបាន នេះ ដែលត្រូវបានគេស្គាល់ផងដែរថាជាបុណ្យអ៊ីត (Eid al-Adha) ឬពិធីបុណ្យនៃការបូជា ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ឆ្នាំនេះ។
នៅក្នុងតំបន់ Shule (ស្ហ៊ូល) នៃទីក្រុងកាសហ្កា ហាងលក់គោក្របី និងចៀមមួយកំពុងមានភាពមមាញឹក ដោយមានពាណិជ្ជករ និងអ្នកទិញប្រមូលផ្តុំនៅទីនោះដើម្បីទិញសត្វទាំងនោះ។ ផ្សារនេះមានប្រជាប្រិយភាពដោយសារវាមានលក់ហ្វូងចៀមចម្រុះជាច្រើន រួមមានចៀមមកពីតំបន់ស៊ីនជាំង (Xinjiang) ព្រមទាំងចៀមមកពីតំបន់ផ្សេងៗទៀតនៃប្រទេសចិន រួមទាំងខេត្តហឺណាន (Henan) ភាគកណ្តាល និងខេត្តសានតុង (Shandong) នៅភាគខាងកើតផងដែរ។
នៅមុនថ្ងៃបុណ្យកូរៈបាន បរិមាណការជួញដូរនៅផ្សារគោក្របី និងចៀមបានកើនឡើងជិត៣០ភាគរយ ទោះបីជាអ្នកទិញជាច្រើនមានការប្រុងប្រយ័ត្នចំពោះជម្រើសរបស់ពួកគេក៏ដោយ។ ក្រៅពីផ្សារលក់គោក្របី និងចៀម ក្រុមអ្នករៀបចំពិធីបុណ្យក្នុងតំបន់ក៏បានបង្កើតផ្សារលក់ផ្លែឈើក្រៀម ដែលជាកន្លែងលក់ផ្លែឈើក្រៀមជាច្រើនប្រភេទដូចជា ផ្លែអាល់ម៉ុន ផ្លែទំពាំងបាយជូរ និងផ្លែល្វាស្ងួត ។
ហាងនំខេក និងនំបុ័ងក្នុងស្រុកក៏មានការបញ្ជាទិញទំនិញជាច្រើនមុនពិធីបុណ្យក្នុងប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ៕
