
Lee Young-min គឺជាប្រជាជនកូរ៉េខាងត្បូងម្នាក់ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងជាច្រើន ដែលថ្មីៗនេះបានទិញស្តុកទុកអំបិលសមុទ្រ និងរបស់របរផ្សេងៗទៀត ខណៈការព្រួយបារម្ភ បានកើនឡើងអំពីសុវត្ថិភាពរបស់ពួកគេ ដោយប្រទេសជប៉ុននឹងបង្ហូរចោលទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួច ៩០៧,១៨៤ តោន ពីរោងចក្រថាមពលនុយក្លេអ៊ែរដែលខូច ចូលទៅក្នុងសមុទ្រ។ ប្រទេសជប៉ុនបានផ្តល់ការធានាដដែលៗថា ទឹកនេះមានសុវត្ថិភាពដោយនិយាយថាវាត្រូវបានធ្វើប្រព្រឹត្តិកម្មដើម្បីយកសារធាតុអ៊ីសូតូបភាគច្រើនចេញ។ ប៉ុន្តែអ្នកនេសាទ និងអ្នកដើរទិញទំនិញនៅក្នុងប្រទេសជប៉ុន និងនៅទូទាំងតំបន់មានការព្រួយបារម្ភ។
លោកស្រី Lee បានប្រាប់សារព័ត៌មាReuters ថា ថ្មីៗនេះខ្ញុំបានទិញអំបិលចំនួន៥ គីឡូក្រាម។ វាមានរយៈពេលជាង១០ឆ្នាំមកហើយចាប់តាំងពីខ្ញុំបានរៀបអាពាហ៍ពិពារហ៍ ហើយវាជាលើកដំបូង ដែលខ្ញុំបានទិញអំបិលយ៉ាងច្រើនបែបនេះ។ ខ្ញុំដឹងថាទោះបីជាខ្ញុំទិញច្រើនក៏ដោយ ក៏វាហាក់ដូចជាពុំមែនជាដំណោះស្រាយដ៏ល្អបំផុតនោះដែរ។ នៅផ្សារទំនើបដ៏ពេញនិយមមួយក្នុងទីក្រុងសេអ៊ូល ធ្នើរដាក់អំបិលសមុទ្របានអស់អំបិលទៅហើយកាលពីថ្ងៃពុធ។
ការប្រញាប់ប្រញាល់ក្នុងការទិញស្តុកទុកអំបិល បានរួមចំណែកដល់ការកើនឡើងជិត ២៧% នៃតម្លៃអំបិលនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងខែមិថុនាធៀបនឹងពីរខែមុនទោះបីជាក្រុមមន្ត្រីបាននិយាយថាអាកាសធាតុ និងការផលិតទាបក៏ត្រូវបានចាត់ទុកជាកត្តារួមផ្សំផងដែរ។ អាជ្ញាធរជលផលប្រទេសកូរ៉េខាងត្បូង បាននិយាយថា ពួកគេនឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកសិដ្ឋានអំបិលសម្រាប់ការកើនឡើងសារធាតុវិទ្យុសកម្ម។ ប្រទេសកូរ៉េខាងត្បូងបានហាមឃាត់អាហារសមុទ្រពីដែនទឹកនៅជិតខាងខេត្ត Fukushima នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសជប៉ុន។ ប្រទេសចិនក៏បានរិះគន់ផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដោយចោទប្រកាន់ថាប្រទេសនេះខ្វះតម្លាភាព និងបង្កការគំរាមកំហែងដល់បរិស្ថានសមុទ្រ និងសុខភាពរបស់មនុស្សនៅជុំវិញពិភពលោក។
