
មិនដូចគ្នាកាលពីឆ្នាំមុននោះទេ លោក Hassan Yassin al-Redhiដែលជាជនជាតិស៊ូដង់មួយរូបមិនអាចផ្ញើប្រាក់ជូនគ្រួសាររបស់លោកដែលនៅក្នុងប្រទេសស៊ូដង់ញាំញីដោយភ្លើងសង្រ្គាមបាននោះទេ ដើម្បីឲ្យពួកគេ ទិញចៀមសម្រាប់ធ្វើពិធីបុណ្យសាសនា Eid។ លោកបានព្យាយាមទាក់ទងទៅកាន់សាច់ញាតិរបស់លោកតាមទូរស័ព្ទ តែលោកទាក់ទងពុំបានឡើយ ក្រោយចូលរូមពិធីបួងសួងនៅថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Adha នៅក្នុងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលលោករស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងលក់ទឹកផ្លែឈើនៅក្នុងផ្សារ ។
លោក Redhi និយាយថា ពេលដែលពួកយើងនិយាយគ្នាតាមទូរស័ព្ទ ពួកយើងមិនអាចយល់អ្វីទាំងអស់ ដោយសារតែការភ្ជាប់សេវាពិតជាខ្សោយខ្លាំងណាស់ ហើយការទូរស័ព្ទតែងតែដាច់ទំនាក់ទំនងទៀត ។ ដូចគ្នានឹងជនជាតិស៊ូដង់ផ្សេងទៀតដែរ ដែលរស់នៅ និងធ្វើការនៅក្នុងតំបន់មជ្ឈិមបូព៌ា លោក Redhiបានត្រឹមតែមើលឃើញពីចម្ងាយនូវអំពើហិង្សាឆាបឆេះនៅក្នុងប្រទេសកំណើតរបស់លោក។
ដោយឡែក លោក Abdalbagi Osman Abdalbagiវ័យ ៣៣ឆ្នាំ គឺជាជនជាតិស៊ូលដង់មួយរូបទៀត ដែលរស់នៅ និងធ្វើការនៅប្រទេសលីបង់ អស់រយៈពេល ៥ឆ្នាំ និយាយថា អ្នកព្រួយបារម្ភពីគ្រួសាររបស់អ្នក ស្ថានភាពរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងផ្ទះរបស់ពួកគេ។ លោក Abdalbagi បន្តថា លោកគ្មានចំណង់បរិភោគនោះទេសម្រាប់ពិធីបុណ្យ Eid ក្នុងឆ្នាំនេះ ដោយសារតែគ្មានប្រាក់ ឬសមត្ថភាពផ្លូវចិត្តប្រារព្ធពិធី ស្របពេលដែលលោកព្រួយបារម្ភដល់ប្រជាជននៅក្នុងប្រទេសស៊ូដង់។ លោកថា គ្រួសាររបស់លោក បានជាប់ខ្លួននៅក្នុងប្រទេសស៊ូដង់ ជាប់ព្រំដែនអេហ្ស៊ីប៕
