ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ស្ត្រីម្នាក់អាយុ២៣ឆ្នាំ បានក្លាយជាពលរដ្ឋលំដាប់ទី២លាន ដែលបានទទួលវ៉ាក់សាំងនៃយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃនេះ នៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសបានបន្តដំណើរការអស់រយៈពេលជិត ១០០ថ្ងៃហើយនោះ។
សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ថា៖ «ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្ដា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់ ១០លានរៀលទៀត»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់រង្វាន់លើកទឹកចិត្តនូវទឹកប្រាក់ ១០លានរៀលដូចគ្នាទៅដល់លោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលជាពលរដ្ឋលំដាប់ទី១លានដែលបានទទួលវ៉ាក់សាំងកាលពីថ្ងៃទី១១ ខែមេសាកន្លងមកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ចាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំង គឺជា«យុទ្ធសាស្ត្រពន្លត់ភ្លើង ល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ»។
សម្ដេចតេជោ ហ៊ុន សែន រៀបរាប់បន្តថា៖ «ការឆ្លងក្នុងសហគមន៍ម្ដងហើយម្ដងទៀតនៅស្ទើរគ្រប់ប្រទេស តម្រូវឱ្យយើងខិតខំរកវិធីទប់ស្កាត់ការឆ្លង និងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង»។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានចំនួន ១០លាននាក់នៅក្នុងចំណោមប្រជាជនកម្ពុជាសរុបប្រហែល ១៦លាននាក់។
សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ការចាក់វ៉ាក់សាំងនេះ យើងក៏បាន និងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក ដែលនឹងត្រូវចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្ដាញខេត្តទៅតាមលំដាប់អាទិភាព»។
ចំនួនប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងរហូតមកដល់ពេលនេះ ស្មើនឹង ២០ភាគរយនៃចំនួនពលរដ្ឋ ១០លាននាក់ដែលរាជរដ្ឋាភិបាលបានកំណត់ផ្ដល់វ៉ាក់សាំងនៅត្រឹមឆ្នាំ២០២១នេះ។