
ភ្នំពេញ៖ ទំព័រ Facebook ផ្លូវការរបស់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ដែលមានឈ្មោះ «H.E Neang Phat» ត្រូវបានជនអនាមិក លួច (Hack) យកទៅគ្រប់គ្រងហើយ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា លោកនឹងមិនទទួលខុសត្រូវឡើយ ចំពោះការបង្ហោះមិនប្រក្រតីណាមួយ តាមរយៈទំព័រហ្វេសប៊ុកនេះ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
នាយឧត្តមសេនីយ៍ នាង ផាត បានឱ្យដឹងថា ខណៈដែលជនអនាមិកលួចយកទៅគ្រប់គ្រងនេះ ពួកគេមិនទាន់ធ្វើសកម្មភាពបង្ហោះអ្វីនៅឡើយទេ ខណៈក្រុមការងារបច្ចេកទេស កំពុងធ្វើការដើម្បីទាញយកទំព័រហ្វេសប៊ុកនេះត្រឡប់មកវិញ។
ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ បានអំពាវនាវឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំមានការភាន់ច្រឡំ ក្នុងករណីទំព័រហ្វេសប៊ុកនេះ បង្ហោះរឿងមិនប្រក្រតីណាមួយ ហើយនាយឧត្តមសេនីយ៍នឹងមិនទទួលខុសត្រូវឡើយរាល់ការបង្ហោះលើហ្វេសប៊ុកនេះ ចាប់ពីពេលនេះតទៅ។
ទោះជាយ៉ាងនេះ នាយឧត្តមសេនីយ៍ នាង ផាត នឹងធ្វើការជូនដំណឹងនៅពេលក្រោយ នៅពេលណាដែលទំព័រហ្វេសប៊ុកត្រូវបានយកគ្រប់គ្រងឡើងវិញ។ លោកក៏នឹងរៀបចំពាក្យបណ្តឹងដើម្បីប្តឹងសមត្ថកិច្ច តាមនីតិវិធីច្បាប់ផងដែរ៕