
ភ្នំពញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បា នចេញនូវសារមួយដោយសរសេរថា បងប្អូនជនរួមជាតិជាទីស្រឡាញ៉ ! ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេសប៊ុក(Facebook)ខ្ញុំជាច្រើន ដែលមានរហូតដល់ជាង ២០ ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងសង្គមដែលមានប្រសិទ្ធភាពជាង គឺតេឡេក្រាម(Telegram) ដែលមិនបារម្ភពីការចូលលួចដូច Facebook នោះទេ។
អាស្រ័យហេតុនេះ ខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។ ខ្ញុំបានស្នើឱ្យជំនួយការខ្ញុំលុបចោលគណនី Facebook របស់ខ្ញុំ និងប្រាប់ទៅក្រុមហ៊ុនFacebook ឱ្យលុបឈ្មោះខ្ញុំចេញពីបញ្ជី Facebook ផងដែរ។
ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល Telegram របស់ខ្ញុំ ដើម្បីទទួលបានព័ត៌មាន និងមានយោបល់មកខ្ញុំ តាមរយៈ Telegram វិញ។
ខ្ញុំក៏បានបង្កើតគណនី TikTok ថ្មី និងមានមនុស្ស ២ នាក់យកឈ្មោះខ្ញុំទៅបង្កើត TikTok ដែលមួយមានអ្នកតាមជាង៣០ម៉ឺននាក់ និងចូលចិត្តជាង ៤លាននាក់ ឯមួយទៀតមានអ្នកតាម ១លាន ២សែននាក់ និងអ្នកចូលចិត្តជាង ១២លាននាក់។
ចាប់ពីពេលនេះតទៅ Facebook ណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់៕ ដោយ៖ គង់ ឌិន